ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យនាយទាហាន និងមន្ត្រីរាជការមានជីវភាពធូរធាជារៀងរាល់ឆ្នាំ


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកងទ័ព និងមន្ត្រីរាជការស៊ីវិល មានជីវភាពសមរម្យ មានកំណើនប្រាក់បៀវត្សជារាល់ឆ្នាំ ហើយចំពោះថវិកាចំណាយផ្សេងៗ សម្រាប់វិស័យការពារជាតិ ក៏បានកើនឡើងតាមលទ្ធភាព នៃថវិការដ្ឋផងដែរ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ ដែលហៅកាត់ថា (ក.ហ.ស) ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក នាយក មេបញ្ជាការ តាមកងឯកភាព និងនាយទាហានជំនាញហិញ្ញវត្ថុ ជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សំផន បានបន្តថា ការកែទម្រង់រដ្ឋាបាលសាធារណៈ ធ្វើឱ្យសេវារដ្ឋបាល មានការជឿនលឿនមិនយឺតយ៉ាវ ក្នុងការបម្រើសេវាវិស័យ ការពារជាតិនោះទេ ហើយចំពោះការបណ្តុះបណ្តាលពលទាហាន នាយទាហាន តាមសាលាក្នុង និងក្រៅប្រទេស រាល់ជំនាញតាមតម្រូវការ ដើម្បីត្រៀមបញ្ចេញកម្លាំងប្រភេទ២ កសាងកម្លាំងយុវជនវ័យក្មេង ដែលមានសមត្ថភាព និងគុណធម៌សម្រាប់វិស័យការពារជាតិតទៅអនាគត ដើម្បីរក្សាបានសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង។

ឯកឧត្តមនាយឧត្តមសេនីយ៍  ម៉ឹង សំផន បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ បានធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យជាពិសេសសម្តេចតេជោ បានខិតខំប្រឹងប្រែង និងគិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់កងទ័ពក៏ដូចជាមន្ត្រីរាជការស៊ីវិល ឱ្យមានជីវភាពធូធាជាលំដាប់។

តាមរយៈកិច្ចប្រជុំក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងការពារជាតិនាពេលនោះ នាយឧត្តមសេនីយ៍ ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ក៏បានចូលរួមធ្វើការផ្លាស់ប្តូរយោបល់ ដើម្បីដាក់ចេញនូវផែនាការ សកម្មភាពមួយចំនួន សម្រាប់ចូលរួមការអនុវត្តការងារកែទម្រង់នេះ ឱ្យសម្រេចបានជោគេជ័យ។

ថ្លែងក្នុងពិធីបូកសរុប និងបិទកិច្ចប្រជុំនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជុំរុញឱ្យក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងការពារជាតិទាំងអស់ ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនតាមថានានុក្រម ដែលជាកត្តាដ៏ចាំបាច់បំផុត៕