ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន៖ កងទ័ពមួកខៀវចូលរួមលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា បច្ចុប្បន្ននេះ កងទ័ពមួកខៀវកម្ពុជា ដែលបានបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ បានចូលរួមលើកស្ទួយកិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាតំណាងសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៣៩៦ សរុបចំនួន១៨៤នាក់ នារី២៤នាក់ ចេញបំពេញបេសកកម្ម រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ដែលបានធ្វើឡើងនៅសាលារក្សាសន្តិភាព (ខេត្តកំពង់ស្ពឺ)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ បច្ចុប្បន្ននេះ អង្គភាពដែលផ្តល់កិត្តិយសឱ្យកងទ័ព គឺកងយោធពលខេមរភូមិន្ទ ផ្តល់កិត្តិយសឱ្យប្រជាជននៅទូទាំងប្រទេស និងជាពិសេសផ្តល់កិត្តិយសឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានឱ្យដឹងថា សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ដូច្នេះ យើងត្រូវ គោរពដឹងគុណចំពោះ អគ្គមគ្គទេសក៍ស្ថាបនិកសន្តិភាព នៅកម្ពុជា ដ៏ឆ្នើមតែមួយ គឺសម្តេចតេជោ ហ៊ុន សែន ដែលបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ពន្លត់ភ្លើងសង្គ្រាម នាំមកនូវសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា ឱ្យរស់នៅក្នុងភាពសុខដុមរមនា និងរីកចម្រើនជាលំដាប់។ ហេតុនេះ សន្តិភាពជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់។ នេះ គឺជាកត្តាសត្យានុម័ត ដែលយើងទាំងអស់គ្នាត្រូវចងចាំទុក ក្នុងក្រអៅបេះដូង និងជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាជនកម្ពុជាទាំងមូល ក៏ដូចជាមនុស្សជាតិលើពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានបន្តថា កត្តាសន្តិភាពបានធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្ម នៅក្នុងតំបន់ និងពិភពលោក ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាជាប្រទេសដែល បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសុខសន្តិភាពពិភពលោក តាមរយៈការបញ្ជូន កងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ប្រទេសនានា នៅលើសកលលោកក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ការបិទបញ្ចប់ភ្លើងសង្គ្រាម រយៈពេល២១ឆ្នាំកន្លងទៅ បានផ្តល់ឱកាសពេញលេញ ដល់រាជរដ្ឋាភិបាល ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍប្រទេសជាតិ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបង្កើតការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការទាក់ទាញអ្នកវិនិយោគ កម្ពុជាក៏បានបើកទីផ្សារ សម្រាប់ផលិតផលទៅក្រៅប្រទេសកាន់តែច្រើន ដែលបានជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរក្សាបានកំណើន ក្នុងរង្វង់ជាង៧% ក្នុងមួយឆ្នាំ។ សុខសន្តិភាព គឺជាធាតុបច្ច័យដ៏សំខាន់បំផុត ដែលបានរុញច្រានជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ប្រជាពលរដ្ឋរស់នៅ ពោរពេញដោយភាពសប្បាយរីករាយ និងសេចក្តីសុខសាន្ត។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានឱ្យដឹងថា កងវិស្វកម្មលេខ៣៩៦ ដែលត្រូវចេញបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ត្រូវប្តូរវេនកងវិស្វកម្មលេខ៦៩៣ ដែលត្រូវបញ្ចប់បេសកកម្ម ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នាថ្ងៃទី៣១ខាងមុខនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ក្នុងរយៈពេល១៤ឆ្នាំនេះ កម្ពុជាបន្តទទួលបានស្នាដៃធំធេងជាបន្តបន្ទាប់មួយចំនួនដូចជា៖ ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក-សំណង់ បញ្ឈរ ការជីកអណ្តូងទឹកស្អាត ដោយកម្ពុជាបន្តដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់ ព្រមជាមួយនោះការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញាឆ្នាំ២០១៩ កម្ពុជា ទទួលបានលំដាប់លេខ២៨ និង ស្ត្រីលេខ២០ ក្នុងចំណោម១២០ ប្រទេសដែលបរិច្ចាគកម្លាំងចូលរួមបេសកកម្ម និងលំដាប់ថ្នាក់លេខ២ ក្នុងបណ្តាសហគមន៍អាស៊ាន ដែលបានបញ្ជូនយុទ្ធនារីទៅកាន់តំបន់បេសកកម្ម។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា មកទល់នឹងពេលនេះ កម្ពុជាបានបញ្ជូនកម្លាំងសរុបចំនួន ៦,៥៥៧នាក់ ក្នុងនោះមាននារីចំនួន៣៣៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា លើជំនាញបោសសំអាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យ កំរិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ជាឆ្នាំទី១០ សម្រាប់កម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្ម នៅសាធារណរដ្ឋលីបង់ ហើយកងលេខ៣៩៦ គឺជាកងទី១០ មានចំនួន ១៨៤នាក់ ក្នុងនោះមាននារី ចំនួន២៤នាក់ មកពីបណ្តាអង្គភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងមជ្ឈមណ្ឌលជាតិ បានទទួលការហ្វឹកហ្វឺនច្បាស់លាស់តាមនិយាម របស់អង្គការសហប្រជាជាតិ ដែលត្រូវចូលរួមអនុវត្តបំពេញភារកិច្ចឈរជើងនៅភាគខាងកើត ក្នុងក្រុងម៉ាចាយ័ន នៃសាធារណរដ្ឋលីបង់ ដែលនឹងទទួលភារកិច្ច បោសសំអាតមីន ដូចបណ្តាកងមុនៗដែរ ដើម្បីបម្រើឱ្យការសាងសង់ និងជួសជុលបង្គោលព្រំដែនសន្តិភាព សាងសង់ និងជួសជុលមន្ទីរពេទ្យ សំណង់ប៉ុស្តិ៍ប៉ម ថ្នល់ របាំងការពារគ្រាប់ និងសំណង់ផ្សេងៗទៀត ជូនដល់កងទ័ពមួកខៀវ មកពីបណ្តាប្រទេសមួយចំនួន ប្រចាំនៅតំបន់បេសកកម្ម ស្ថិតនៅតាមព្រំដែនរវាងប្រទេសលីបង់, ស៊ីរី និងអ៊ីស្រាអ៊ែល៕