ឯកឧត្តមរដ្ឋមន្រ្តីសង្គមកិច្ច រំពឹងខ្ពស់ថា ការផ្តល់សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ នឹងទៅដល់ដៃស្ត្រីក្រីក្រពិតប្រាកដ និងចៀសវាងឱ្យបាននូវភាពលម្អៀង


(ភ្នំពេញ)៖  រាជរដ្ឋាភិបាលមានឆន្ទៈយ៉ាងពិតប្រាកដ ក្នុងការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដូចនេះអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការងារនេះឱ្យច្បាស់លាស់ ប្រាកដប្រជាឱ្យមានប្រសិទ្ធភាពពោលគឺធ្វើយ៉ាងណា ឱ្យការផ្តល់សាច់ប្រាក់នោះបានទៅដល់ស្ត្រីក្រីក្រពិតប្រាកដ ចៀសវាងឱ្យបាននូវភាពលម្អៀងណាមួយចូល កុំប្រកាន់និន្នាការបក្សពួក ឬគ្រួសារ និងសាច់ញាតិនិយមជាដើម។

នេះជាការលើកឡើងរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំណូមពរដល់អ្នកពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។

ឯកឧត្តម វង សូត ថ្លែងយ៉ាងទទូចបែបនេះនៅក្នុងកិច្ចប្រជុំចុងក្រោយ មុននឹងចាប់ផ្តើមអនុវត្តបន្ត នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមាន ផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រដែល កិច្ចប្រជុំនេះធ្វើឡើងនាព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

ជាមួយគ្នានោះ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកបច្ចេកទេស នៃក្រសួងសង្គមកិច្ច ក៏បានបង្ហាញក្តីបារម្ភ ដូចរដ្ឋមន្រ្តីសង្គមកិច្ចផងដែរ ដោយលោកបានលើកឡើងថា ក្រុមការងារ បានរៀបចំយន្តការមួយចំនួនសម្រាប់តាមដានការអនុវត្ត ដើម្បីធានានូវប្រសិទ្ធភាពចំគោលដៅ និងចៀសវាងភាពគ្រួសារសាច់ញាតិនិយមនេះជាដើម។

ឯកឧត្តម តូច ចាន់នី បានបន្ថែមថា យន្តការ ទី១ គឺក្រុមការងារបច្ចេកទេស សម្រាប់តាមដានការអនុវត្ត, ទី២ ក្រុមជនបង្គោលផ្នែកសង្គមកិច្ច នៅតាមបណ្តារាជធានី-ខេត្ត និងទី៣. ក្រុមប្រឹក្សាស្ត្រី និង កុមារ ក៏ជាអ្នកតាមដានមន្ត្រីឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តការងារនេះផ្ទាល់ប្រសិនបើឃើញថា មន្ត្រីអនុវត្តទាំងនោះ មានភាពល្អៀងដោយប្រការណាមួយនោះ ក្រុមការងារទាំងនោះ នឹង តម្រែតម្រង់ហើយ ប្រសិនបើខ្វះសមត្ថភាព ចំណុចណាមួយក៏នឹងជួយបំពេញបន្ថែមភ្លាមដែរ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ ត្រូវបានដឹកនាំអនុវត្ត ដោយក្រសួងសុខាភិបាល ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រីកវិសាលភាព ឱ្យកាន់តែទូលំទូលាយ គ្របដណ្តប់ ទូទាំងប្រទេស កម្មវិធីនេះ ត្រូវបានផ្ទេរទៅឱ្យ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមាន នាយកដ្ឋានសុខុមាលភាពសង្គមជាអ្នកដឹកនាំ អនុវត្តផ្ទាល់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ តទៅ។

ដើម្បីឱ្យស្ត្រី និង កុមារ ក្នុងគ្រួសារក្រីក្រគ្រប់ច្រកល្ហកនៅ ទូទាំងប្រទេស ទទួលបាន ផលប្រយោជន៍ពីកម្មវិធីនេះ នាយកដ្ឋានសុខុមាលភាពសង្គម ដែលជាអ្នកដឹកនាំអនុវត្តកម្មវិធីនេះផ្ទាល់ បានបណ្តុះបណ្តាលមន្ត្រី និង ជនបង្គោល គ្រប់រាជធានី-ខេត្ត និង ឃុំ-សង្កាត់ ទូទាំងប្រទេស ជាង៨ពាន់ នាក់ បំពាក់និងដំឡើងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន និងផ្តល់ប្លេតជាង ១.៧០០ គ្រឿង ។

ក្រសួង ចំនួន ៥ ដែលពាក់ព័ន្ធនឹងកម្មវិធី នេះ គឺក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ និង ក្រសួងសេដ្ឋកិច្ច ហើយស្ត្រីក្នុងគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ អាចទៅទទួលយក ការឧបត្ថម្ភសាច់ប្រាក់នេះ នៅមណ្ឌលសុខភាព ចំណែកស្ត្រី ដែលគិតថា ខ្លួនឯងក្រីក្រ ប៉ុន្តែ មិនទាន់មានប័ណ្ណសមធម៌ អាចទៅទំនាក់ទំនងនៅ ឃុ-សង្កាត់របស់ខ្លួន៕