រដ្ឋបាលខេត្តកំពត ត្រៀមអ្នកចូលរួមជាង ២០០០នាក់ រៀបចំហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅដើមខែកុម្ភៈ ឆ្នាំ២០២០


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានដឹកនាំក្នុងកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំអបអរសាទរដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលមានមន្ត្រីពាក់ព័ន្ធចូលរួមប្រជុំជាច្រើនរូប។

ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីជាការឆ្លើយតបនិងចំពោះមោទនភាព នៃលទ្ធផលនៃខេត្តកំពត ដែលមានទីក្រុងកំពត ត្រូវបានទទួលជ័យលាភីពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ នៃប្រទេសព្រុយណេ ហើយអភិបាលខេត្តកំពត បានទទួលពានរង្វាន់ខាងលើនេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើទីតាំងប្រារព្ធពិធី ការដង្ហែតាមដងផ្លូវ និងសមាសភាពអ្នកចូលរួមជាង ២០០០នាក់ ដែលនឹងសម្រេចធ្វើក្បួនដង្ហែនេះនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា «នេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជាយើង ដោយទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣រួមមាន៖ ទីក្រុងកំពត ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានទទួលជ័យលាភី ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅក្នុងរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ នៃប្រទេសប្រុយណេ។ ដូច្នេះដើម្បីឲ្យកម្មវិធីនៃការដង្ហែរពានរង្វាន់ជ័យលាភីនេះ ប្រពឹត្តទៅដោយភាពសមរម្យ និងមានលក្ខណៈល្អ ប្រសើរនោះ សូមបណ្ដាអាជ្ញាធរក្រុង និងមន្ទីរ អង្គភាពក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យការប្រព្រឹត្តនេះ ទទួលបានលទ្ធផលប្រកបដោយភាពរលូននឹងរក្សាបាននូវសណ្ដាប់ធ្នាប់ល្អ ឆ្លើយតបបាន និងភាពសាកសមដែលយើងទាំងអស់គ្នាទាំងអាជ្ញាធរខេត្ត ក្រុង និងមន្ទីរអង្គភាពរួមនិងប្រជាពលរដ្ឋ ក្នុងខេត្តបានចូលរួមខិតខំ ក្នុងការទទួលបាននូវលទ្ធផល ជ័យលាភីទីក្រុងស្អាតអាស៊ាននេះ»

សូមបញ្ជាក់ថា ជ័យលាភីទីក្រុងស្អាតអាស៊ាននេះ ត្រូវបានរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ប្រគល់ដល់ទីក្រុងទេសចរណ៍ចំនួន ២១នៅក្នុងតំបន់។

ឯកឧត្តមថា ក្នុងនោះម្ចាស់ជ័យលាភីសំរាប់កម្ពុជាយើងមានទីក្រុងកំពត ទីក្រុងតាខ្មៅ និងខណ្ឌដូនពេញ។ ហើយការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុងឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតតាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដារនេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការកាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។

គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាតបាន និងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕