ក្រុមការងារលោក ហ៊ុន ម៉ាណែតនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹត្តបណ្ឌិតចំនួន១០លានរៀលជូនអតីតយុទ្ធជនម្នាក់ក្នុងស្រុករមាសហែក


នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ក្រុមការងារលោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងយុវជន សសយក ខេត្តស្វាយរៀង  និងអាជ្ញាធរស្រុករមាសហែក បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិតចំនួន១០លានរៀលជូន លោក តូច ភាន អតីតមន្ត្រីយោធាខេត្ត ដែលធ្លាក់ខ្លួនពិការដោយជំងឺ សំរាប់ដោះស្រាយការព្យាបាលកន្លងមក ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ។

ក្រុមការងារក៏បានចុះទៅពិនិត្យផ្ទះ៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារអតីតយុទ្ធជន៣គ្រួសារ ដែលបានសាងសង់រួចរាល់ តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅភូមិកំពង់ត្រាច ឃ៉ំកំពង់ត្រាច ស្រុករមាសហែក។

អតីយុទ្ធជន និងគ្រួសារអតីយុទ្ធជនដែលបានទទួលការយកចិត្តទុកដាក់នេះ គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិង ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់។

គួររំលឹកផងដែរថា ការនាំយកថវិកាជូន លោក តូច ភាន អតីតមន្ត្រីយោធិនខេត្តដែលធ្លាក់ខ្លួនពិការដោយជំងឺ សំរាប់ដោះស្រាយការព្យាបាលកន្លងមក និងបានចុះទៅពិនិត្យផ្ទះ៣ខ្នង ដែលជាអំណោយរបស់សម្តេចតេជោនេះ គឺជាផ្តល់ជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកតាមការផ្តល់ជូនពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ខណៈដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនស្រុករមាសហែកកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ពេល​នោះឯកឧត្តមបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជនដែលបញ្ចប់ភារកិច្ចជាកងកម្លាំងក៏ដោយ តាមរយៈការឧបត្ថម្ភគោលរបប ការតម្លើងប្រាក់បៀវត្ស ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក ការផ្តល់ប័ណ្ណសមធម៌ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕