នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវរដ្ឋមន្ត្រី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានចូលរួមជាអធិបតីនាពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នារវាងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Yeungnam នៃសាធារណរដ្ឋកូរ៉េ។
ពិធីនេះក៏ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម Park Heung- Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
អនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ និងដំណើរទស្សនកិច្ចសិក្សាវាងថ្នាក់ ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃស្ថាប័នទាំងពីរ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ និងលោក Sur Gil Soo នាយកសាកលវិទ្យាល័យ Yeungnam។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានកិច្ចសហប្រតិបត្តិការនិងទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យ Yeungnam។
ជាក់ស្តែងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ គណៈប្រតិភូចំនួន២៣រូបពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយឯកឧត្តម យន់ ខៀន អនុរដ្ឋលេខាធិការ និងលោកបណ្ឌិត ហង្ស រិទ្ឋីរ៉ាវុធ ព្រឹទ្ធបុរសស្តីទីនៃមហា វិទ្យាល័យតូរ្យតន្ត្រី បានធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Yeungnam ដើម្បីប្រគុំបទភ្លេងនគររាជរួមគ្នា រវាងក្រុមតន្រ្តីករនៃមហាវិទ្យាល័យតូរ្យតន្រ្តី និងវង់ភ្លេង Philharmonic Orchestra របស់សាកលវិទ្យាល័យ Yeungnam ។ ដំណើរទស្សនកិច្ចនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Yeungnam និងថ្នាក់ដឹកនាំខេត្ត Kyungsangbuk-do នៃសាធារណរដ្ឋកូរ៉េ។
ក្រោយពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា គណៈ អធិបតីនិងថ្នាក់ដឹកនាំមកពីស្ថាប័នឧត្តមសិក្សាទាំងពីរបានចូលរួមកម្មវិធីសម្តែងសិល្បៈ និងប្រគុំតន្ត្រី ដោយនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។