រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលបានសហការគ្នារៀបចំ បាឋកថាស្ដីពីការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការវីរុស កូរ៉ូណាថ្មី (2019-nCoV) ដើម្បីចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាព និងវិធានការបង្ការវីរុសខាងលើជូនដល់សាធារណជន។
បាឋកថានេះបានប្រព្រឹត្តទៅក្រោមអធិបតីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។ ក្នុងឱកាសនៃការធ្វើបាឋកថានេះ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានធ្វើការណែនាំអំពីវិធានការក្នុងការបង្ការការឆ្លងមេរោគដោយភាពត្រឹមត្រូវ ព្រមទាំងលើកឡើងពីការយល់ខុសមួយចំនួនរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាសោកស្ដាយចំពោះកំហុសឆ្គងរបស់អ្នកសារព័ត៌មាន មួយចំនួនតូច ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងស្ថានភាពវីរុសនេះនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះផងដែរលោកជំទាវ គឹម សេដ្ឋានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងភ្នាក់ងារសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអប់រំ ផ្សព្វផ្សាយអំពីវិធានការការពារ ដល់បុគ្គលិកអប់រំ ក៏ដូចជាសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេសឆ្លើយតបទៅនឹងអ្វីដែលជាការ អំពាវនាវរបស់សម្តេច តេជោ នាយករដ្ឋមន្រ្តី ការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
៣០ មករា ២០២០ | វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា