ឯកឧត្តម ផៃ ស៊ីផាន៖ ទូតអាមេរិក ទាមទារពិភាក្សាបន្ថែម ចំពោះបំណុលកម្ពុជា ជាឱកាសល្អ សម្រាប់ខ្មែរ


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកឌេវីដ ចូសារ (David Josar)  អ្នកនាំពាក្យរងស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាមទារឲ្យមានការពិភាក្សា ជាមួយគ្នាបន្ថែមទៀត នូវបញ្ហាបំណុលកម្ពុជា គឺជាឱកាសល្អសម្រាប់កម្ពុជា និងប្រជាពលរដ្ឋទាំងមូល។

ឯកឧត្តម បានមានប្រសាសន៍បន្តថា  “ខ្ញុំជឿជាក់ថា ការលើកឡើងរបស់លោក ឌេវីដ ចូសារ  ដើម្បីពិភាក្សាបន្ដទៀត នេះជាឱកាសល្អមួយ នៃការចាប់ផ្ដើមបន្ថែមទៀត រវាងប្រទេសទាំងពីរ (អាមេរិក និង កម្ពុជា) ឲ្យកាន់តែល្អ”។

ឯកឧត្តម បានបន្តទៀតថា ក្នុងសម័យសង្គ្រាមរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានធ្វើឲ្យកម្ពុជា ទទួលរងការឈឺចុកចាប់ ដោយសារតែមានការជ្រៀតជ្រែក ចូលកិច្ចការនយោបាយផ្ទៃក្នុងកម្ពុជា  ដែលធ្វើឲ្យកម្ពុជា ចាប់ផ្ដើមមានសង្គ្រាម រហូតធ្វើឲ្យប្រទេសមួយនេះខូចខាត គ្មានសេសសល់អ្វីនោះទេ  ហេតុដូច្នេះ បានជាធ្វើឲ្យកម្ពុជា ជំពាក់បំណុលអាមេរិកច្រើនលានដុល្លារ។

ឯកឧត្តមបន្ថែមទៀតថា អ្វីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែងលើកឡើង និងមានប្រសាសន៍ សម្ដេចពិបាកចិត្តយ៉ាងខ្លាំង ចំពោះការសង់ប្រាក់ជំពាក់អាមេរិក  និងពន្យល់ពលរដ្ឋកម្ពុជាជារឿយៗ អំពីបំណុលនេះ។

ឯកឧត្តមថា “កម្ពុជាត្រូវតែទទួលបាននូវការអនុគ្រោះ ក្នុងការជំពាក់នោះ តាមលទ្ធភាពអ្វីមួយ ការជជែកគ្នានេះផងដែរ ត្រូវសម្រួលគ្នាទៅវិញទៅមក ពីព្រោះមិនមែនជារឿងនយោបាយ ក៏ប៉ុន្ដែជារឿងផ្សះផ្សារជាតិ និងបង្កើតទំនាក់ទំនងគ្នាកាន់តែល្អបន្ថែមទៀត”។