ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ


ភ្នំពេញ កាលពីថ្ងទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួល ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់វិស័យកសិកម្ម បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ លើវិស័យដាំដំណាំកសិ-ឧស្សាហកម្ម (ដាំដំឡូងមី) និងទទួល បានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិកក្រុមការងារសម្រប សម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តកំពង់ស្ពឺ តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ដែលជាប្រធានលេខាធិការដ្ឋានក្រុមការងារសម្របសម្រួលការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាង ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។

កិច្ចប្រជុំអន្តរក្រសួង ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើផែនការមេថ្មី ក្នុងការដាំដុះដំឡូងមី គ្រប់គ្រង សំណល់រឹងដែលចេញពីការប្រើប្រាស់ជីគីមីនិង ថ្នាំកសិកម្ម និងសំរាមដែលចេញពីកន្លែងស្នាក់នៅរបស់ បុគ្គលិក-កម្មករ ដើម្បីការពារគុណភាពទឹក គុណភាពដី និងគ្រប់គ្រងសំណល់រាវ ដែលចេញពីកន្លែងស្នាក់នៅ របស់បុគ្គលិក-កម្មករ។ជាមួយគ្នានេះដែរ កិច្ចប្រជុំអន្តរក្រសួងក៏ផ្តោតសំខាន់ផងដែរទៅលើការចូលរួមថែរក្សា និងដាំដើមឈើឡើងវិញនៅតាម ទ្រនាប់ដងអូរចន្លោះពី៣០០ម៉ែត្រដល់៥០០ម៉ែត្រ ដើម្បីការពារការហូរច្រោះ ដីការពារការបំពល់ទឹកអូរ និងជីវ: ចម្រុះក្នុងទឹក ដោយការប្រើប្រាស់ជីគីមីនិងថ្នាំកសិកម្មទៅលើការពិនិត្យ ទៅលើផែនការគ្រប់គ្រងបរិស្ថាន និងកម្មវិធីត្រួតពិនិត្យបរិស្ថានដែលចេញពីសកម្មភាពគម្រោង និងបន្តពិនិត្យ ការដោះស្រាយបញ្ហាដីធ្លីដែលនៅសល់។

សូមបញ្ជាក់ផងដែរថា ដំណាំកសិ-ឧស្សាហកម្ម (ដាំដំឡូងមី) ត្រូវបានដាំនៅលើផ្ទៃដីសរុប ៩.៩៨៥ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្ត្រឃុំសង្កែស្រទប និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន អេច អិល អេច អាហ្គ្រីខលឈ័រ ខូអិលធីឌី ដែលត្រូវបានសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សាCREATIVE GREEN DESIGN CO., LTD.៕