ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម


(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

សន្និសីទនេះ មានទិសដៅ និងគោលបំណងបង្ហាញសាធារណជនឱ្យបានយល់ច្បាស់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លើយតបយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាសេនាធិការមួយសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការងារលើវិស័យកសិកម្ម រួមមានការដាំដុះ ការចិញ្ចឹមសត្វ, ជំរុញ និងលើកកម្ពស់ ការវិនិយោគ ការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារ។ ក្រសួងក៏មានតួនាទីសំខាន់ក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៃផលិតផលកសិកម្មទាំងអស់ចាប់ពីការផ្តើមផលិតដាំដុះរហូតដល់ដំណាក់កាលចុងក្រោយនៃការកែច្នៃបឋម។

វិស័យកសិកម្ម បានរួមចំណែកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ របាយការណ៍បានបង្ហាញថា បច្ចុប្បន្ននេះ វិស័យកសិកម្មរួមចំណែកទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិប្រមាណ ២៥ភាគរយ។

របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០១៩កន្លងទៅ ការប្រមូលផលស្រូវសម្រេចបានជាង ២.៥លានហិកតា ដោយទទួលបានទិន្នផលសរុបជិត ៨លានតោន លើសឆ្នាំកន្លងទៅជិត ៥០ម៉ឺនតោន។ ដំណាំរួមផ្សំអនុវត្តបានជាង ២ម៉ឺន ៥ពាន់ហិកតា លើសឆ្នាំកន្លងទៅជិត ៥ពាន់ហិកតា។ ដំណាំឧស្សាហកម្មអនុវត្តន៍បានជិត ៥ម៉ឺនហិកតា តិចជាងឆ្នាំមុនជិត ៩ពាន់ហិកតា។

ការនាំចេញអង្ករនៅឆ្នាំ២០១៩ សម្រេចបានជាង ៦២ម៉ឺនតោន ថយចុះជាង ៦ពាន់តោន។ ការនាំចេញអង្ករនៅឆ្នាំ២០១៩ បាននាំទៅកាន់ប្រទេសចំនួន៥៩ ដោយប្រទេសចិនជាប់លំដាប់ថ្នាក់ទី១ បារាំងលំដាប់ថ្នាក់ទី២។

ដោយឡែកការដាំដុះកៅស៊ូមានចំនួនជាង ៤០ម៉ឺនហិកតា ចៀរជ័របានជិត ២៥ម៉ឺនហិកតា។ ផលិតផលកៅស៊ូឆ្នាំ២០១៩ សម្រេចបានជិត ២៩ម៉ឺនតោន កើនឡើងជិត ៧ម៉ឺនតោន ធៀបឆ្នាំ២០១៨។

បរិមាណបញ្ចេញលក់ក្នុងឆ្នាំ២០១៩ សម្រេចបានជាង ២៨ម៉ឺនតោន កើនឡើងជាង ៦ម៉ឺនតោន ធៀបឆ្នាំ២០១៨។ តម្លៃកៅស៊ូឆ្នាំ២០១៩ ជាមធ្យមតម្លៃ ១,៣៣៦ដុល្លារ ក្នុងមួយតោន កើនប្រមាណ ១៩ដុល្លារក្នុងមួយតោន បើធៀបឆ្នាំ២០១៨។ ខែធ្នូ ឆ្នាំ២០១៩ តម្លៃជ័រកៅស៊ូ បានឡើងដល់ ១,៣៧១ដុល្លារក្នុងមួយតោន។

ក្រៅពីសមិទ្ធផលដែលបានរៀបរាប់ខាងលើនេះ នៅមានសមិទ្ធផលជាច្រើនទៀត ដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០១៩កន្លងទៅ៕