នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន
និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការរៀបចំគម្រោងរេដបូកក្នុងឧទ្យានជាតិក្រវាញខាងត្បូង រវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ(Wildlife Alliance) ដើម្បីកំណត់ក្របខណ្ឌសហប្រតិបត្តិការរៀបចំគម្រោងរេដបូកក្នុងរយៈពេលបីឆ្នាំខាងមុខសម្រាប់អនុវត្តក្នុងឧទ្យានជាតិក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងភូមិសាស្ត្រខេត្តកោះកុង ព្រះសីហនុ ពោធិ៍សាត់ និងកំពង់ស្ពឺ។
គោលបំណងសំខាន់នៃការរៀបចំគម្រោងបង្កើតយន្តការហិរញ្ញវត្ថុនិរន្តរភាពសម្រាប់ការពារនិងអភិរក្សធនធានធម្មជាតិខាងលើឱ្យកាន់តែមានប្រសិទ្ធភាពរួមទាំងជួយដល់ការកែលម្អជីវភាពរស់នៅប្រជាសហគមន៍មូលដ្ឋានតំបន់ការពារធម្មជាតិហើយម៉្យាងទៀត គម្រោងនេះនឹងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលជាមូលហេតុនៃការប្រែប្រួលអាកាសធាតុ។
គួរកត់សម្គាល់ថាកន្លងមកក្រសួងបរិស្ថានបានសហការជាមួយអង្គការ Wildlife Conservation Society (WCS) និងក្រុមហ៊ុន Disney របស់សហរដ្ឋអាមេរិកក្នុងការអនុវត្តគម្រោងរេដបូកក្រោមយន្តការទីផ្សារស្ម័គ្រចិត្តនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាហើយក្រសួងបានសហការជាមួយក្រុមហ៊ុន Mitsui របស់ប្រទេសជប៉ុន និងអង្គការអភិរក្សអន្តរជាតិ (Conservation International) ក្នុងការរៀបចំគម្រោង រេដបូកសម្រាប់អនុវត្តនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ផងដែរ៕