កិច្ចប្រជុំពិភាក្សាការងារ និងប្រកាសបែងចែកតួនាទី ភារកិច្ចអនុគណៈកម្មការ ក្រោមឱវាទគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល


ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការប្រកាសបែងចែកតួនាទី ភារកិច្ចអនុគណៈកម្មការ ក្រោមឱវាទគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីអនុប្រធានគណៈកម្មការ និងប្រធាន អនុប្រធាន សមាជិក សមាជិកានៃអនុគណៈកម្មការទាំងពីរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រកាសសមាសភាពអនុគណៈកម្មការទាំងពីរ ក្រោមឱវាទគណៈកម្មការអន្តរក្រសួង និងតួនាទីភារកិច្ចរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងទិសដៅការងារ សម្រាប់ដំណើរការរបស់គណៈកម្មការកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានណែនាំឱ្យអនុគណៈកម្មការទាំងពីរ ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរៀងៗក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍នៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពីអត្ថប្រយោជន៍ និងគុណសម្បត្តិ ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនផងដែរ។

លោកជំទាវគូសបញ្ជាក់ផងដែរថា ប្រព័ន្ធចុះបញ្ជីរថយន្តថ្មីនេះ ផ្តល់ឱ្យម្ចាស់កម្មសិទ្ធិរថយន្ដ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីលើរថយន្ដកំពុងប្រើប្រាស់សម្រាប់ចុះបញ្ជីលើរថយន្ដថ្មីរបស់ខ្លួនបាន ធ្វើការចុះបញ្ជីជាសហកម្មសិទ្ធិ។ ប្រព័ន្ធស្វ័យប្រវត្តិកម្ម​ https://vehicle.mpwt.gov.kh នេះ​ បានផ្តល់លទ្ធភាព​ ឱ្យប្រជាពលរដ្ឋ​ អាចប្រេីប្រាស់បង្គំ​ លេខ ឬ/និងអក្សរឡាតាំងមិនលើសពី ៨ខ្ទង់​ ដេីម្បី​ បង្កេីតជាទម្រង់​ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន​ តាមចំណងចំណូលចិត្តបាន​។ ការរៀបចំប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួននេះ ក្នុងគោលបំណងដើម្បីផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការទិញលេខសម្រាប់ចុះបញ្ជីរថយន្ត និងស្របទៅនឹងនិយាមការអន្តរជាតិផងដែរ។

សូមបញ្ជាក់ជូនថាការគណនា និងកំណត់តម្លៃចំពោះលេខពិសេសផ្ទាល់ខ្លួន គឺឈរលើមូលដ្ឋាន៖ ចំនួនតួកាន់តែតិច តម្លៃកាន់តែខ្ពស់ ពាក្យពេចក្នុងវចនានុក្រមអង់គ្លេស លេខ168 លេខ ឬអក្សរដូចគ្នា លេខ ឬអក្សររៀងជាប់គ្នាតាមលំដាប់ឡើង លេខ ឬអក្សរ រៀងជាប់គ្នាតាមលំដាប់ចុះ លេខ ឬអក្សរមានលក្ខណៈឆ្លុះ និង លេខរៀងជាប់គ្នាជាចំនួនសេស ឬគូ នៃតួអក្សរនីមួយៗ… ជាដេីម។ល។