UNESCO គាំទ្រឱ្យកម្ពុជារើសទីក្រុងមួយចំនួនដូចជាបាត់ដំបង ក្រចេះ កំពត ដាក់បញ្ចូលក្នុងបញ្ជីទីក្រុងមានភាពច្នៃប្រឌិត


(ភ្នំពេញ)៖ អង្គការ UNESCO បានសម្រេចគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត ក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO។

ការគាំទ្រនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយគណៈប្រតិភូរអង្គការ UNESCO ដឹកនាំដោយលោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពង្រឹងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ លើការងារទេសចរណ៍ និងទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ទីក្រុង និងទេសចរណ៍ម្ហូបអាហារ និងការងារមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានឯកភាពគ្នាលើចំណុចការជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍ តាមរយៈការរួមគ្នាសិក្សាកំណត់តំបន់អេកូទេសចរណ៍ទូទាំងប្រទេស ដោយប្រើប្រាស់យន្តការក្រោមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីស្នើសុំរាជរដ្ឋាភិបាលកំណត់ ជាតំបន់អេកូទេសចរណ៍អាទិភាព ដែលត្រូវអភិវឌ្ឍដោយឈរលើគោលការណ៍ណែនាំមួយច្បាស់លាស់ (Guideline) និងយន្តការកិច្ចសហប្រតិបត្តិការ 4P។

អង្គការ UNESCO បានគាំទ្រការដាក់ចេញឲ្យឆាប់រហ័សផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ដែលក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំ ដោយផ្តោតលើតំបន់៦ជាអាទិភាព គឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប-ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និងតំបន់សៀមរាបថ្មី ដោយអង្គការ UNESCO នឹងផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងផែនការនេះ។

តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍បានលើកឡើងថា «អង្គការ UNESCO គាំទ្រឲ្យកម្ពុជាជ្រើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO (Creative City) ដោយនៅក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO»។

ក្រៅពីនេះ អង្គប្រជុំបានឯកភាពគ្នាបានគាំទ្រឲ្យមានការដាក់បញ្ចូលនូវម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម និងបេតិកភណ្ឌអរូបីផ្សេងទៀត ដើម្បីដាក់ក្នុងបញ្ជីត្រៀម (Tentative List) សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

អង្គប្រជុំក៏បានឯកភាពបង្កើតនូវក្រុមការងារចម្រុះមួយដែលមានក្រសួងទេសចរណ៍ និងអង្គការ UNESCO ដើម្បីអនុវត្តនូវផែនការដែលបានលើកឡើងក្នុងអង្គប្រជុំនេះ៕