រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យពលករខ្មែរនៅប្រទេសថៃ ទៅទទួលយកសំណុំលិខិតដើម្បីបានភាពស្របច្បាប់


គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ បានសេចក្តីប្រកាសមួយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ដោយប្រកាសឱ្យពលករខ្មែរនៅប្រទេសថៃនានាទៅទទួលយកសំណុំលិខិតផ្សេងៗ ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការធ្វើការងារនៅប្រទេសថៃបន្តទៀត។

តាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា ដើម្បីទទួលបានសំណុំលិខិតនេះ ពលករម្នាក់ៗត្រូវយកបណ្ណពណ៌ស៊ីជម្ពូ ដែលបាន ធ្វើបច្ចុប្បន្នកម្មជាមួយអាជ្ញាធរថៃក្នុងចន្លោះថ្ងៃទី១ ខែមេសា ដល់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ទៅបង្ហាញជូន លេខាធិការដ្ឋានរបស់គណៈកម្មការ នៅក្នុងស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក។