ឧត្តមសេនីយ៍ឯក យឹម លាង នាំអំណោយជូនប្រជាការពារសាលាខណ្ឌឫស្សីកែវ


(ភ្នំពេញ)៖ កម្លាំងប្រជាការពារសាលាខណ្ឌឫស្សីកែវ បានទទួលគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់ឧត្តមសេនីយ៍ឯក យឹម លាង នាយករងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ, អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌប្ញស្សីកែវ តាមរយៈលោកឧកញ៉ា សំ ប៊ន និងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការប្រគល់ និងទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់ឧត្តមសេនីយ៍ឯក យឹម លាង ខាងលើនេះ បានរៀបចំឡើងនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការចូលរួមពីលោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងមន្ត្រី បុគ្គលិកព្រមទាំង យុវជនស.ស.យ.ក ផងដែរ។

ថ្លែងក្នុងឱកាសនេះ ក្រៅពីជំរុញឲ្យកងកម្លាំងប្រជាការពារយកចិត្តទុកដាក់ ជួយសម្រួលចរាចរណ៍តាមដងផ្លូវ ក៏ដូចជាសកម្មភាពផ្សេងៗ រាប់ទាំងការជួយការពាររក្សាសន្តិសុខ ការងារសម្អាតបរិស្ថាន និងការជួសជុលផ្លូវក្នុងការបម្រើជូនប្រជាពលរដ្ឋ, លោកឧកញ៉ា សំ ប៊ន និងលោក ជា ពិសី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឧត្តមសេនីយ៍ឯក យឹម លាង។

សូមបញ្ជាក់ថា អំណោយរបស់ឧត្តមសេនីយ៍ឯក យឹម លាង ដែលត្រូវបានលោកឧកញ៉ា សំប៊ន និងលោក ជា ពិសី អភិបាលខណ្ឌ នាំយកមកឧបត្ថម្ភជូនដល់ កងកម្លាំងប្រជាការពារខណ្ឌ សរុបរួមមាន៖ អង្ករ៧០បាវ (ក្នុងមួយបាវ ស្មើនឹង២៥ គ.ក) ស្មើនឹង ១,៧៥០គីឡូក្រាម, ទឹកក្រូច ៧០កេស, ស្រាបៀរ ៧០កេស, ថវិកា ចំនួន៣,៥០០,០០០រៀល៕