ប្រធានាធិបតីកូរ៉េខាងត្បូង អរគុណ និងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះគំនិតផ្តួចផ្តើមឱ្យរៀបចំកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គ និងគាំទ្រដ៏រឹងមាំដល់ការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ


(ភ្នំពេញ)៖ លោក មូន ជេអ៉ីន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈ Facebook ផ្លូវការរបស់លោក បានថ្លែងអំណរគុណ និងកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការផ្តួចផ្តើមឱ្យរៀបចំកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គ និងការគាំទ្រដ៏រឹងមាំនៃដំណើរការស្វែងរកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ។

ការប្រកាសស្វាគមន៍ ថ្លែងអណរគុណ និងកោតសរសើរនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងដោយកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅលើបណ្តាញសង្គម Facebook លោកប្រធានាធិបតីកូរ៉េ បានថ្លែងថា៖ «ខ្ញុំសូមយកឱកាសនេះទទួលស្វាគមន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់ប្រទេសកូរ៉េ។ ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ក្នុងការជួបសម្តេច បន្ទាប់ពីការខកចិត្តដែលមិនបានឃើញសម្តេចនៅ ប៊ូសាន កាលពីឆ្នាំមុន»។

លោកប្រធានាធិបតីបានសរសេរអត្ថបទមួយយ៉ាងវែងថា៖ «សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំដំបូងបំផុត ដែលបានលើកឡើងអំពីគំនិត នៃការរៀបចំកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គ។ អរគុណចំពោះការលើកឡើងរបស់សម្តេច ដែលបាននាំឲ្យយើងអាចធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ប្រកបដោយជោគជ័យ និងបើកកិច្ចប្រជុំកំពូលកូរ៉េ-មេគង្គមួយនៅប៊ូសាន កាលពីខែវិច្ឆិកាឆ្នាំមុន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នៅតែបន្តធ្វើជាអ្នកគាំទ្រដ៏រឹងមាំនៃដំណើរការស្វែងរកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េផងដែរ។ ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី»

ដូចខ្សែភាពយន្តកម្ពុជាមួយដែលមានចំណងជើងថា «ចំប៉ាបាត់ដំបង» ដែលត្រូវបានចាក់បញ្ចាំងនៅអំឡុងមហោស្រពភាពយន្តអាស៊ាននៅប៊ូសានកាលពីឆ្នាំមុន កូរ៉េ និងកម្ពុជាបានចែករំលែកនូវប្រវត្តិសាស្ត្ររួម នោះគឺការឆ្លងកាត់ភាពឈឺចាប់នានា និងសម្រេចបាននូវការអភិវឌ្ឍជាតិ។ ជាថ្មីម្តងទៀតនៅថ្ងៃនេះ យើងសូមបញ្ជាក់ឡើងវិញនូវចំណងមិត្តភាព ដែលមិនអាចផ្តាច់ចេញពីគ្នា។ នេះបើតាម Facebook លោក មូន ជេអ៉ីន។

ជាចុងក្រោយនេះសាររបស់លោកលើ Facebook លោក មូន ជេអ៉ន បានជូនពរដល់ម្តាយក្មេករបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ស៊ែន ជាសះស្បើយវិញយ៉ាងឆាប់រហ័ស។ លោកបញ្ជាក់ថា៖ «ខ្ញុំក៏សូមសម្តែងនូវការគោរពយ៉ាងកក់ក្តៅផងដែរ ចំពោះលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលពិតណាសថាបានឆ្លងកាត់ពេលវេលាដ៏លំបាកនានា»