ពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគនិរតី ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២


ខេត្តតាកែវ៖ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាអនុប្រធាន សហព័ន្ធកីឡាទូកការនូ-កាយ៉ាក់ និងរ៉ូអុីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរជាច្រើនរូប បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគនិរតី ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ នៅទន្លេបាទី ក្នុងស្រុកបាទី ខេត្តតាកែវ ដែលកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកអភិបាលក្រុងស្រុកទាំង ១០ និងលោក លោកស្រី ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនី មន្រ្តីរាជការ អ្នកមុខ អ្នកការ បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលខេត្ត ស្រុក.ក្រុងសហការជាមួយកម្លាំងពាក់ព័ន្ធ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នៅពេលប្រារព្ធពិធីនេះផងដែរ។

សូមដែរថាការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ទូកកាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគនិរតី ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ នៅរមណីដ្ឋានទន្លេបាទី គឺបានរៀបចំរយះពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ មានក្រុមសមាគមកីឡាទូកខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ និងបានបែងចែកជា ៣វិញ្ញាសារ៖

១- ផ្នែកចម្រុះ បុរស នារី វិញ្ញាសា ៥០០ម៉ែត្រ
ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមកីឡាទូកខេត្តតាកែវ
ចំណាត់ថ្នាក់លេខ២ បានទៅលើសមាគមកីឡាទូកខេត្តកែប
និងចំណាត់ថ្នាក់លេខ៣ បានទៅលើសមាគមនកីឡាទូកខេត្តតាកែវ

២- ផ្នែកនារី វិញ្ញាសា ៥០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមកីឡាទូកខេត្តតាកែវ និងចំណាត់ថ្នាក់លេខ២ បានទៅលើសមាគមកីឡាទូកខេត្តកែប

៣- ផ្នែកបុរស វិញ្ញាសា ១០០០ម៉ែត្រ
ចំណាត់ថ្នាក់លេខ១ បានទៅលើសមាគមកីឡាទូកខេត្តកោះកុង
ចំណាត់ថ្នាក់លេខ២ បានទៅលើសមាគមកីឡាទូកខេត្តកំពង់ស្ពឺ
ចំណាត់ថ្នាក់លេខ៣ បានទៅលើសមាគមកីឡាទូកខេត្តព្រះសីហនុ
ចំណាត់ថ្នាក់លេខ៤ បានទៅលើសមាគមកីឡាទូកខេត្តតាកែវ
ចំណាត់ថ្នាក់លេខ៥ បានទៅលើសមាគមកីឡាទូកខេត្តកំពត
និងចំណាត់ថ្នាក់លេខ៦ បានទៅលើសមាគមកីឡាទូកខេត្តកែប