អាជ្ញាធរក្រុងសែនមនោរម្យ ចុះប្រតិបត្តិការ រុះរើសំណង់បំពានចំណីផ្លូវ ដើម្បីកែលម្អសោភ័ណ្ឌភាពក្រុងឱ្យមានលក្ខណះល្អប្រសើរ


មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត រួមទាំងសមត្ថកិច្ច បានសម្រេចចុះប្រតិបត្តិការរុះរើសំណង់បំពានចំណីផ្លូវសាធារណៈដោយផ្ទាល់ ក្រោយទុកឱកាសឲ្យប្រជាពលរដ្ឋរុះរើខ្លួនឯង អស់ជាច្រើនខែមកហើយមក ប៉ុន្តែមានប្រជាពលរដ្ឋចំនួនតូចប៉ុណ្ណោះ ដែលរួមអនុវត្តសហការជាមួយអាជ្ញាធរ។
លោក នុត បឿន អភិបាលរងក្រុងសែនមនោរម្យ បានឱ្យដឹងថា អាជ្ញាធរក្រុងបានជូនដំណឹងដល់ប្រជាពលរដ្ឋជុំវិញ ការរុះរើសំណង់បំពានចំណីផ្លូវច្រើនលើក និងផ្ដល់ឱកាសឲ្យពួកគាត់ច្រើនខែ ដើម្បីធ្វើកិច្ចការងារនេះ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន មិនសហការ ដូច្នេះគឺអាជ្ញាធរចាប់ផ្ដើមអនុវត្តដោយផ្ទាល់ លើសំណង់របស់ពលរដ្ឋដែលបំពានលើចំណីផ្លូវ ដោយកន្លងមក អាជ្ញាធរក្រុង និងមន្រ្តីជំនាញ បាមចុះរុះរើស្លាកប៉ាណូតាមដងផ្លូវ។
លោក នុត បឿន បានបញ្ជាក់ថា លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងក្រុងដែលមានការជូនដំណឹង ឲ្យរុះរើសំណង់បំពានចំណីផ្លូវនោះ មានចំនួន២១៧ផ្ទះ ហើយរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋបានចូលរួមគោរពអនុវត្តទើបតែបានប្រមាណជា៥០តូប ឫសំយ៉ាប់តែប៉ុណ្ណោះ។ លោកបន្តថា ដងផ្លូវដែលតម្រូវឲ្យមានការរុះសំណង់ ឬសំយ៉ាប់រឹងមាំ ដែលសង់រំលោភចំណីផ្លូវនោះ គឺនៅចំណុចផ្លូវភ្លោះសួនច្បារមករង្វង់គោព្រៃ និងពីរខ្សែទៀត គឺចាប់ពីចំណុចរង្វង់មូលគោព្រៃទៅចំណុចផ្លូវបំបែកដាក់ដាំ និងចំណុចផ្សារកែវសារ៉ាន់តាមដងផ្លូវជាតិលេខ៧៦A។
លោកអភិបាលរងក្រុង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋដែលមានកាតព្វកិច្ចរុះរើសំណង់បំពានចំណីផ្លូវ សូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីឱ្យក្រុងសែនមនោរម្យ មានសោភ័ណ្ឌភាពល្អ និងចៀសវាងការកក់ស្ទះផងដែរ។
សូមបញ្ជាក់ដែរថា ផែនការឲ្យរុះសំណង់ឬសំយ៉ាប់ចេញពីចំណីផ្លូវនេះ មន្ត្រីជំនាញវ៉ាស់ចេញពីអាក់ផ្លូវចំនួន១៣ម៉ែត្រ នៅកន្លែងទីប្រជុំជន និងវ៉ាស់ចេញពីអាក់ផ្លូវ១៨ម៉ែត្រ ទៅ២៥ម៉ែត្រ នៅតំបន់ដែលចេញឆ្ងាយពីទីប្រជុំជន៕