កិច្ចប្រជុំអន្តរក្រសួង​ ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់ (Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទ


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោង​បង្កើតរោងចក្រផលិតសម្ភារសំណង់ (Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទ លើផ្ទៃដីទំហំ ២៨.៦៧០ម៉ែត្រការ៉េ ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួម​ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង​ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន តំណាងក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន ចំនួន​ ៣២នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់នេះ
២-​ ក្រុមហ៊ុន​ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួល​របាយការណ៍​នេះ​ស្របតាមស្មារតីអង្គប្រជុំ​
៣-​ ក្រុមហ៊ុន​ ត្រូវត្រួតពិនិត្យគុណភាពផេះដែលយកទៅផលិតឱ្យមានគុណភាពល្អ ជៀសវាងបង្កដល់អ្នកប្រើប្រាស់
៤-​ ក្រុមហ៊ុន​ ត្រូវត្រួតពិនិត្យឡចំហាយចំពោះការបញ្ចេញផ្សេងនេះឱ្យស្ថិតនៅក្រោមស្តង់ដាររបស់ក្រសួងបរិស្ថាន លើស​ពីនេះ​ ក្រុមហ៊ុនធ្វើការអប់រំបណ្តុះបណ្តាលដល់បុគ្គលដែលបញ្ជាលើឡចំហាយ​ ហើយត្រូវទទួលស្គាល់ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ និង​នវានុវត្តន៍
៥-​ ក្រុមហ៊ុន​ ត្រូវរៀបចំគ្រប់គ្រងសំណល់​សំណល់រឹង/រាវឱ្យបានត្រឹមត្រូវជៀសវាងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គម្រោង
៦-​ ក្រុមហ៊ុន​ ត្រូវកាត់បន្ថយការបំពុលខ្យល់ដែលចេញពីការកាឡុកស៊ីម៉ងត៍ និងការដឹកសម្ភារសំណង់ធ្វើការគ្រប ឬដាំដើមឈើក្នុងទីតាំងគម្រោង ព្រមទាំងធ្វើការសំអាតជាប្រចាំ​ ដើម្បីកាត់បន្ថយការហុយធូលី ឱ្យត្រឹមត្រូវ
៧-​ ក្រុមហ៊ុន​ ត្រូវរៀបចំកន្លែងស្នាក់នៅរបស់បុគ្គលិក-កម្មករឱ្យត្រឹមត្រូវ ករណីកំពុងសាងសង់​ ក្រុមហ៊ុនមិនត្រូវអនុញ្ញាតឱ្យកម្មករ​សំរាកនៅក្នុងអគារនោះទេ
៨-​ ក្រុមហ៊ុន​ ត្រូវអប់រំបុគ្គលិក-កម្មករអំពីសុខភាព និងសុវត្ថិភាព ក្នុងការបំពេញការងាររួមទាំងផ្តល់ឧបករណ៍សុវត្ថិភាពក្នុងការបំពេញការងារ
៩-​ ក្រុមហ៊ុន​ ត្រូវផ្តល់ប័ណ្ណ​ ប.ស.ស ដល់បុគ្គលិ-កម្មករ ដើម្បីឱ្យពួកគាត់ទទួលបានផ្នែកការពារព្យាបាលសុខភាពសង្គម
១០-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសហការជាមួយជំនាញពាក់ព័ន្ធឱ្យបានល្អប្រសើរ
១១-​ ក្រុមហ៊ុន​ ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ចេញ-ចូល និងអប់រំដល់អ្នកបើកបរជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕