នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់ (Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទ លើផ្ទៃដីទំហំ ២៨.៦៧០ម៉ែត្រការ៉េ ដែលមាន ទីតាំងស្ថិតនៅក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់ បរិស្ថាន តំណាងក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន ចំនួន ៣២នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំ បានគាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់នេះ
២- ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះស្របតាមស្មារតីអង្គប្រជុំ
៣- ក្រុមហ៊ុន ត្រូវត្រួតពិនិត្យគុណភាពផេះដែលយកទៅផលិតឱ្យមានគុណភាពល្អ ជៀសវាងបង្កដល់អ្នកប្រើប្រាស់
៤- ក្រុមហ៊ុន ត្រូវត្រួតពិនិត្យឡចំហាយចំពោះការបញ្ចេញផ្សេងនេះឱ្យស្ថិតនៅក្រោមស្តង់ដាររបស់ក្រសួងបរិស្ថាន លើសពីនេះ ក្រុមហ៊ុនធ្វើការអប់រំបណ្តុះបណ្តាលដល់បុគ្គលដែលបញ្ជាលើឡចំហាយ ហើយត្រូវទទួលស្គាល់ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍
៥- ក្រុមហ៊ុន ត្រូវរៀបចំគ្រប់គ្រងសំណល់សំណល់រឹង/រាវឱ្យបានត្រឹមត្រូវជៀសវាងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គម្រោង
៦- ក្រុមហ៊ុន ត្រូវកាត់បន្ថយការបំពុលខ្យល់ដែលចេញពីការកាឡុកស៊ីម៉ងត៍ និងការដឹកសម្ភារសំណង់ធ្វើការគ្រប ឬដាំដើមឈើក្នុងទីតាំងគម្រោង ព្រមទាំងធ្វើការសំអាតជាប្រចាំ ដើម្បីកាត់បន្ថយការហុយធូលី ឱ្យត្រឹមត្រូវ
៧- ក្រុមហ៊ុន ត្រូវរៀបចំកន្លែងស្នាក់នៅរបស់បុគ្គលិក-កម្មករឱ្យត្រឹមត្រូវ ករណីកំពុងសាងសង់ ក្រុមហ៊ុនមិនត្រូវអនុញ្ញាតឱ្យកម្មករសំរាកនៅក្នុងអគារនោះទេ
៨- ក្រុមហ៊ុន ត្រូវអប់រំបុគ្គលិក-កម្មករអំពីសុខភាព និងសុវត្ថិភាព ក្នុងការបំពេញការងាររួមទាំងផ្តល់ឧបករណ៍សុវត្ថិភាពក្នុងការបំពេញការងារ
៩- ក្រុមហ៊ុន ត្រូវផ្តល់ប័ណ្ណ ប.ស.ស ដល់បុគ្គលិ-កម្មករ ដើម្បីឱ្យពួកគាត់ទទួលបានផ្នែកការពារព្យាបាលសុខភាពសង្គម
១០- ក្រុមហ៊ុនម្ចាស់គម្រោង ត្រូវសហការជាមួយជំនាញពាក់ព័ន្ធឱ្យបានល្អប្រសើរ
១១- ក្រុមហ៊ុន ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ចេញ-ចូល និងអប់រំដល់អ្នកបើកបរជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕