ខេត្តកំពង់ចាម ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧–អគារសិក្សា ១ខ្នង មាន៤បន្ទប់ នៅក្នុង
សាលារៀនអង្គរ ក្នុងឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យ
ប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួម
ពីសំណាក់ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ
ព្រមទាំងដោយ មានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីតំណាងមន្ទីរ អង្គភាព
ពាក់ព័ន្ធព្រះសង្ឃអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា អគារសិក្សានេះ ពិតជាសមិទ្ធផលដ៏មាន
សារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេស កូនចៅប្រជាពលរដ្ឋយើងទាំងអស់គ្នា។
គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំង ក្នុងការកសាងនូវអគារសិក្សា
ពីព្រោះថា អគារសិក្សា ឬសាលារៀន គឺជាប្រភព នៃការបង្កើតឡើងនូវធនធានមនុស្ស ។
ប្រទេសជាតិមួយ មានធនធានមនុស្សសម្បូរបែប ហើយនឹងមានអ្នកចេះដឹងច្រើន និងសមត្ថភាពគ្រប់គ្រាន់ ប្រទេសជាតិនោះ នឹងមានការអភិវឌ្ឍរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។
ឯកឧត្តម លន់ លឹមថៃ បានបញ្ជាក់ថា ប្រទេសជាតិមួយដែលមានការរីកចម្រើនទៅបាន លុះត្រាតែ
ប្រទេសនោះ មានធនធានធម្មជាតិច្រើន និងមានធនធានមនុស្សដ៏ខ្លាំងពូកែច្រើន។
ដើម្បីសម្បូរធនធានមនុស្ស យើងត្រូវតែលើកកម្ពស់គុណភាពអប់រំ ព្រោះថាវាមានសារៈសំខាន់ណាស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។
ការអភិវឌ្ឍធនធានមនុស្ស គឺជាផលសម្រេច និងជាកត្តាជំរុញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រទេស។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា និងត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំរៀតសូត្រក្រេបយកចំណេះ ដឹងសម្រាប់អនាគតខ្លួនឯងនិងចូលរួមអនាម័យ បរិស្ថានដើម្បីសុខភាពល្អទាំងអស់គ្នា។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រោមដំបូលសន្តិភាពពេញបរិបូរណ៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលគ្រប់បែបយ៉ាង ក្នុងនោះមានអគារសិក្សាឱ្យបានសមរម្យសម្រាប់ ក្មួយៗទទួលបានសិក្សារៀនសូត្រ ដើម្បីបង្កើតឡើងនូវធនធានមនុស្ស ដ៏មានសក្ដានុពលទ្វេឡើង សម្រាប់អនាគតប្រទេសជាតិ៕