ក្រសួងវប្បធម៌ ចុះពិនិត្យទីទួលបុរាណដ្ឋាន ១២៦កន្លែង ក្នុងខេត្តក្រចេះ និងផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារ


(ក្រចេះ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ បានចុះពិនិត្យទីទួលបុរាណដ្ឋាន ចំនួន ១២៦កន្លែងទៀត បានរកឃើញក្នុងខេត្តក្រចេះ និងបានធ្វើការផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារ ឲ្យដល់អាជ្ញាធរដែនដីជួយថែរក្សា និងគ្រប់គ្រង។

ក្រោយពីធ្វើការផ្ទៀងផ្ទាត់ និងធ្វើផែនទីកំណត់ទំហំដែនរក្សាការពារ ស្ថានីយបុរាណនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០រួចហើយ និងដាក់បញ្ជូនទិន្ន័យ ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញបណ្ណកម្មសិទ្ធជូនប្រជាជនក្នុងតំបន់ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញខឿនសេដ្ឋកិច្ចឲ្យកាន់តែប្រសើរ។

លោក វឿន វុទ្ធី ប្រធាននាយកដ្ឋាន បុរាណវិទ្យា និងបុរេប្រវត្តិ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមការងារចុះមកថ្ងៃនេះដើម្បីមកផ្ទៀងផ្ទាត់ កំណត់ដែនរក្សាការពារ បុរាណដ្ឋាននៅខេត្តក្រចេះ ដូច្នេះដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងស្ថានីយបុរាណ ដែលមាននៅទូទាំងខេត្តក្រចេះ ឲ្យមានប្រសិទ្ធភាព ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់ទិសដៅការងារគ្រប់គ្រងស្ថានីយបុរាណ ឲ្យបានគត់ហ្មត់ ដោយប្រើនិតិវិធីពិនិត្យផ្ទៀងផ្ទាត់ និងធ្វើផែនទីកំណត់ ទំហំដែនរក្សា ការពារស្ថានីយបុរាណ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារ ឲ្យដល់អាជ្ញាធរដែនដី ជួយថែរក្សា និងគ្រប់គ្រង ដោយយោងលើវិសាលភាពនៃការងារត្រូវការរយៈពេលយូរ ដូច្នេះក្រុមការងារជ្រើសរើសគោលដៅអាទិភាព ដែលកំពុងប្រឈមខ្លាំងមកអនុវត្តន៍។

លោកបន្តថា ជោគជ័យទាំងនេះ គឺទទួលបានពីការណែនាំ និងចង្អុលបង្ហាញពីលោកស្រីរដ្ឋមន្រ្តី និងមានការចូលរួមជ្រុមជ្រែងពីគ្រប់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដែលបានឧបត្ថម្ភជាថវិកា ក្នុងដំណើរចុះពិនិត្យ និងផ្ទៀងផ្ទាត់នេះ។

លោកបញ្ជាក់ទៀតថា សម្រាប់ទីទួលបុរាណដ្ឋានដែលបានរកឃើញ និងធ្វើការផ្ទៀងផ្ទាត់ និងបានចេញប្លង់កម្មសិទ្ធកំណត់ និងថែរក្សាដីនោះ គឺប្រជាជនដែលរស់នៅជុំវិញតំបន់នោះ មិនត្រូវបានចេញប្លង់កម្មសិទ្ធិដីធ្លី (ប្លង់រឹង) ឲ្យគាត់ទេ ហើយត្រូវបានហាមមិនឲ្យធ្វើសំណង់រឹងទេ មិនឲ្យកប់សាកសពនៅលើបុរាណទាំងនោះទេ និងហាមមិនឲ្យជីកកកាយរកវត្ថុបុរាណ ឬលក់ដូរឲ្យឈ្មួញទុច្ចរិតស្រាវជ្រាវបរិស្ថាន និងដើម្បីយកផលប្រយោជន៍ផ្សេងៗ ពីគំនិតទាំងអស់នោះទេ៕