នៅព្រឹកថ្ងៃទី២១ មករានេះ កម្ពុជាបានរៀបចំពិធីតភ្ជាប់ព្រះកេសជាមួយដងខ្លួនបដិមាព្រះហរិហរៈភ្នំដាវិញ ក្រោយពីបានឃ្លាតគ្នាជាង១៣០ឆ្នាំមក ។ លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីថា ការទទួលបានព្រះហរិហរៈតភ្ជាប់ដងខ្លួនពេលនេះ គឺជាប្រថ្នូលល្អ នាំមកនូវសុខដុមរមនានៅឆ្នាំ២០១៦នេះ។ថ្លែងនៅក្នុងពិធីតភ្ជាប់រូបរាងដើមព្រះហរិហរៈ លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រូបបដិមាព្រះហរិហរៈដែលបានលេចចេញជារូបរាងដើមនេះ គឺបង្ហាញពីនិមិត្តរូបដ៏ល្អប្រពៃនៃការជួបជុំគ្នា ការរួបរួម ភាពចំរុងចម្រើន សុខដុមរមនា និងភាពរឹងមាំនៃព្រលឹងជាតិខ្មែរ។ លោកថា នេះក៍ជាប្រថ្នូលដ៏ល្អដែលនាំមកនូវវិបុលភាព និងសមិទ្ធផលថ្មីសម្រាប់ប្រជាជាតិកម្ពុជា ដែលជាជោគជ័យបន្ថែមទៀមក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។លោក Pierre Baptiste តំណាងឲ្យសារមន្ទីជាតិនៃសិល្បៈអាស៊ីហ្គីមេប្រទេសបារាំង ដែលបានប្រគល់ព្រះកេសព្រះហរិហរៈមកកម្ពុជានោះ បានបញ្ជាក់ថា ការលេចរូបរាងដើមបដិមាព្រះហរិហរៈវិញនេះ គឺជាការកាយវិការនៃការស្ថាបនាឡើងវិញ ពោរពេញដោយអត្ថន័យមួយរបស់ប្រទេសកម្ពុជា។
ព្រះហរិហរៈលេចរូបរាងដើមវិញ ក្រោយឃ្លាតដងខ្លួន និងព្រះកេសជាង១៣០ឆ្នាំ

គួរបញ្ជាក់ថា ព្រះកេសព្រះហរិហរៈនេះត្រូវបាននាំយកទៅប្រទេសបារាំង ចន្លោះឆ្នាំ១៨៣២-១៨៣៣ តាមរយៈបេសកម្មរបស់លោក Aymonier។
កាលពីឆ្នាំ២០១៤កន្លងមក កម្ពុជាក៏ទទួលបានជោគជ័យជាច្រើនដែរ ក្នុងការពារបេតិកភណ្ឌវប្បធម៌នេះ ដែលបាននាំរូបបដិមាដែលបានបាត់បង់ការពីអំឡុងសម័យសង្គ្រាម វិលមកប្រទេសកម្ពុជាវិញដែរ ក្នុងនោះរួមមានរូបបដិមា ទុរយោធន៍ រូបភីម រូបពលរាម និងរួមផ្សេងទៀត ដែលមានចំនួនប្រមាណជា៦រូប។
ក្រៅពីរៀបចំពិធីតភ្ជាប់ព្រះសិរ្សជាមួយដងខ្លួនព្រះហិរហរភ្នំដានេះ តំណាងអង្គការយូណេស្កូ (UNESCO) ក៏បានប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់ការចុះបញ្ចូល «ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដល់កម្ពុជាដែរ។ គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៣មកមានប្រទេសចំនួន៤ គឺកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន ដែលមានល្បែងទាញព្រ័ត្រនេះ បានផ្ដួចផ្ដើមក្នុងការស្នើចុះបញ្ចូល«ល្បែងទាញព្រ័ត្រ» ក្នុងបញ្ជីនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ៕