សម្ដេចតេជោលើកទឹកចិត្តឱ្យវិស័យកីឡាជំនាញជំរុញប្រសិទ្ធភាព ឈានទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម


ភ្នំពេញថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឺកចិត្តឱ្យវិស័យកីឡាជំនាញខិតខំហ្វឹកហាត់ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សម្ដេចតេជោបានថ្លែងដូច្នេះ ក្នុងខណៈដែលសម្ដេចអញ្ជើញទទួលពានរង្វាន់ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ពីលោក Ser Miang សមាជិកប្រតិបត្តិគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នារសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០១៧ នៅវិមានសន្តិភាព។

សម្ដេចតេជោមានប្រសាសន៍ថា ភាពជោគជ័យនៃវិស័យកីឡា និងចលនាអូឡាំពិកនៅកម្ពុជា ក៏នឹងអាស្រ័យដោយការចូលរួមសហការ រវាងរាជរដ្ឋាភិបាលនិងចលនាអូឡាំពិកជាតិនិងអន្តរជាតិ ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ ទើបឈានដល់ការអភិវឌ្ឍវិស័យកីឡាប្រកបដោយនិរន្តរភាព។

ពីព្រោះកីឡាគឺជាអន្តរវិស័យ ដែលពាក់ព័ន្ធគ្រប់វិស័យ កីឡាមិនមែនគ្រាន់តែជារឿងឈ្នះ ចាញ់ប៉ុណ្ណោះទេ ប៉ុន្តែកីឡាក៏ពាក់ព័ន្ធដល់សន្តិសុខ សុវត្ថិភាពសង្គម ដែលគេហៅថាកីឡានាំមកនូវ សុខដុមរមនា ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទៀតផង។

ទន្ទឹមនេះការអភិវឌ្ឍវិស័យកីឡា និងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងការរួមចំណែកការថែរក្សាការពារបរិស្ថានសង្គម តាមរយៈកីឡាស្អាតស្អំ កីឡាបៃតង ពិសេសកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ដែលរួមមានការអប់រំកាយ អប់រំបញ្ញា អប់រំស្មារតី បណ្ដុះឆន្ទៈព្យាយាម តស៊ូ ដើម្បីឱ្យយុវជនទទួលបាននូវគុណភាពនៃជីវិត។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា វិស័យកីឡានៅកម្ពុជា ធ្លាប់មានឧត្តមភាពល្បាញល្បី នៅលើពិភពលោក តែក៏ត្រូវបានបាត់បង់ទៅវិញក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយកីឡាករ កីឡាការិនីឆ្នើម របស់កម្ពុជាជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិតក្នុងរបបមួយនេះ។

បន្ទាប់ពីប្រទេសកម្ពុជារំដោះចេញពីរបប ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ យុវជនខ្មែរបានយកស្រកីដូង កៅស៊ូកងធ្វើជាបាល់ទាត់ បាល់ទះ ដើម្បីលេងកីឡា។

ដោយសារការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង រួមគ្នា វិស័យកីឡាកម្ពុជា បានអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន និងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិជាថ្មី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ពានរង្វាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិនេះ មិនត្រឹមតែជាមោទនភាពសម្រាប់សម្តេច ភរិយា និងក្រុមគ្រួសាររបស់សម្តេចនោះទេ តែជាមោទនភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។

សម្តេចតេជោ ក៏បានថ្លែងរំពឹងថា ពានរង្វាន់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលសម្តេច ទទួលបាន ក៏នឹងចូលរួមជួយជំរុញវិស័យកីឡាឱ្យ កាន់តែរីកចម្រើនទៅមុខថែមទៀត។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអូឡាំពិកជាតិកម្ពុជា បានថ្លែងក្នុងពិធីនោះថា ពានរង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺជាពានរង្វាន់ខ្ពស់បំផុត របស់ចលនាអូឡាំពិកអន្តរជាតិ ផ្តល់ជូនកីឡាករ និងឥស្សរជន ថ្នាក់ដឹកនាំកីឡា ដែលបានចូលរួម ចំណែកកសាង និងអភិវឌ្ឍន៍ចលនាអូឡាំពិក។ឯកឧត្ដម ថោង ខុន បានឱ្យដឹងដែរថា កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅឆ្នាំ១៩៥១ ដែលមានឈ្មោះថា គណៈកម្មាធិការអូឡាំពិកខ្មែរ ដែលបានចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅលើកដំបូងនៅឆ្នាំ១៩៥៦ នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

ព្រោះតែសង្រ្គាមកម្ពុជាបានអវត្តមានពីគ្រួសារអូឡាំពិកទៅវិញរយៈពេល ២៤ឆ្នាំ គឺចាប់ពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦។កម្ពុជាត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទទួលស្គាល់ឡើងវិញនៅឆ្នាំ១៩៩៤ ហើយមានឱកាសចូលរួមប្រកួតកីឡា អូឡាំពិកឡើងវិញឆ្នាំ១៩៩៦ នៅអាត្លង់តា សហរដ្ឋអាមេរិក៕