ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧–កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមករានេះ បានពិភាក្សា និងអនុម័តកំណត់យកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ខាងមុខ ដើម្បីបើកសម័យប្រជុំពេញអង្គ របស់រដ្ឋសភាធ្វើវិសោធនកម្មជំពូកទី ១២ថ្មី ប្រការ ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបំណងលុបចោលយន្តការវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរដែលមានអសនៈក្នុងរដ្ឋសភាបានបង្កើតឡើងនាពេលកន្លងមក។
កិច្ចប្រជុំនេះ មានវត្តមានអ្នកចូលរួមពីអ្នកតំណាងរាស្ត្រ ១២រូប ក្នុងនោះក៏មានវត្តមាន តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិមួយរូបអញ្ជើញចូលរួមផងដែរ គឺឯកឧត្តម ហូ វណ្ណ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា។
តាមប្រសាសន៍ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានថ្លែងប្រាប់អ្នកសារព័ត៌ មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹក ថ្ងៃទី២៦ ខែមករានេះ បានធ្វើឡើងតាមសំណើ
របស់អ្នកតំណាងរាស្ត្រ ៥២រូប តាមរយៈគណៈ កម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដើម្បីសុំការ កោះប្រជុំរដ្ឋសភាអាណត្តិទី៥ និងស្នើសុំបញ្ចូលរបៀបវារៈ នៃសម័យប្រជុំ ជាវិសាមញ្ញ នូវសេចក្តីស្នើវិសោធនកម្ម ជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
ឯកឧត្តម ឈាង វុន បានបន្តថា តាមរយៈការពិភាក្សា កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចអនុម័តកំណត់យកថ្ងៃទី៣១ ខែមករាខាងមុខនេះ ដើម្បីធ្វើវិសោធនកម្មជំពូកទី ១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឈាង វុន បានលើកឡើងថា សំណើរបស់អ្នកតំណាងរាស្ត្រទាំង៥២រូបនេះ គឺមានហេតុផល ត្រឹមត្រូវ និងយល់ថា យន្តការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជាលោកបានស្នើឡើងនេះ លោកយល់ថា យន្តការវប្បធម៌សន្ទនា ដែលគណបក្សទាំងពីរបង្កើតកន្លងមកនេះ គឺអនុវត្តន៍ទៅវាអត់កើត ដោយសារការអនុវត្តទៅមិន ស្មោះត្រង់ជាមួយគ្នា។
ឯកឧត្តម ហូ វណ្ណ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានលើកឡើងថា យើងនៅតែចង់រក្សាទុក នូវមាត្រា ៤៨ថ្មី(បី)ហ្នឹង ព្រោះយល់ថា មាត្រា៤៨ថ្មីហ្នឹងវា មានខ្លឹមសារល្អ មានអត្ថន័យល្អ ហើយដែលជាយន្តការមួយសម្រាប់គណបក្សដែលមាន អសនៈក្នុងរដ្ឋសភាអាចជជែកគ្នាបានដោយ ស្របច្បាប់ អាចសន្ទនាគ្នា បាននៅលើប្រយោជន៍ របស់ជាតិ ក៏ដូចជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការមួយដែលជួយឱ្យដំណើរ ការល្អនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏ដូចជាទំនាក់ទំនង រវាងគណបក្ស និងគណបក្សផងដែរ៕