ច្រាំងកសិន្ធុអង្គរវត្តសរុបប្រវែង៩០ម៉ែត្រដែលអាជ្ញាធរជាតិអប្សរាជួសជុលបាន សម្រេចក្នុងរយៈពេល៨ឆ្នាំ


ច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងស្ពានហាលសរុបប្រវែង៩០ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាឮ ជួសជុលសម្រេចបានក្នុងរយៈ៨ឆ្នាំកន្លងមកនេះ។

ការជួសជុលនេះធ្វើឡើងក្នុងបំណងលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងកសិន្ធុឱ្យមានរូបរាងដើមឡើងវិញ ព្រមទាំងជួយលេីកសម្រស់ស្ពានហាលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែរឹងមាំ។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា មូលហេតុសំខាន់ៗដែលបណ្តាលឱ្យច្រាំងកសិន្ធុខូចរចនាសម្ព័ន្ធ ដោយសារអាយុកាលនៃសំណង់ សត្វកណ្តៀរពូនលើកាំជណ្ដើរ កង្វះការថែទាំជាប្រចាំ ថ្ម គ្រឹះក្រោមពុកផុយនៃស្រទាប់ថ្មបាយ ក្រៀមខាងក្រោម ហើយដើមឈើធំៗដែលដុះក្បែរច្រាំងបានចាក់ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើមនៃច្រាំងកសិន្ធុទៀតផង។

លោក សុខនី បញ្ជាក់ទៀតថា ក្នុងរយៈពេល៨ឆ្នាំមកនេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួសជុលច្រាំងកសិន្ធុអង្គរវត្តនៅខាងជើងស្ពានហាលជាដំណាក់កាលដូចជា ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៧ ជួសជុលបានប្រវែង៤០ម៉ែត្រ ។ ឆ្នាំ២០១៩ ជួសជុលបាន ២០ម៉ែត្រ ដែលមាន១០ម៉ែត្រ ត្រង់ចំណុចប្រព័ន្ធលូ ហើយឆ្នាំ២០២០ គឺជួសជុលបាន ២០ម៉ែត្រ។

ក្នុងការជួសជុល អ្នកជំនាញបានប្រើបច្ចេកទេសបុរាណដោយកាយដីចាស់ ដីស្អុយចេញ ហើយចាក់ជំនួសដោយដីថ្មី រួចបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ដីខ្សាច់ ល្បាយដី កម្ទេចថ្មបាយក្រៀម និងកំបោរស។ ពិសេសបាតគ្រឹះបានតម្រៀបថ្មឆ្លាស់គ្នាទទឹង បណ្តោយដើម្បីជួយទប់កម្លាំងសង្កត់ ព្រមទាំងយកដីឥដ្ឋមកការពារជម្រាបទឹកកុំឱ្យចូលបាតក្រោមជាដើម ដើម្បីឱ្យគ្រឹះនៅរឹងមាំយូរអង្វែង។

កន្លងមក ដៃគូអន្តរជាតិជា ច្រើនដូចជា ប្រទេសបារាំង ប្រទេសឥណ្ឌា ប្រទេសអ៊ីតាលី បានមកជួសជុលច្រាំងកសិន្ធុអង្គរវត្ត កាំជណ្តើរ និងផ្លូវចូលខាងមុខប្រាសាទអង្គរវត្ត ថែម ទាំងជួយបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរអប្សរាជា ច្រើនរូបដែរ ក្នុងការអភិរក្សសំណង់បុរាណមួយនេះ៕