ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំកូរ៉េជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ ទៅកាន់តំបន់​ស្វាយជ្រុំ និងអរិយក្សត្រ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស្នើសុំដល់ ប្រធានាធិបតីកូរ៉េ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារ ទៅកាន់ ស្វាយជ្រុំ និងតំបន់អរិយក្ស ខណៈកម្ពុជា និងកូរ៉េ នៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ។

ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់​ផ្លូវជាតិលេខ២​(ពីរង្វង់​មូល​តាខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២(ពីអូរចំបក់ ដល់អង្គតាសោម) នាព្រឹ​ក​ថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពីធីនេះ បានប្រារព្ធធ្វើនៅក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ សម្ដេចតេ​ជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំបាននិយាយផ្ទាល់ជាមួយឯកឧត្ដម មូនជេ អ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េតែម្តង ខ្ញុំថាឯកឧត្តម កម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន  ស្ពានមិត្តភាពកម្ពុជា-ចិន។ ក៏ប៉ុន្តែនៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ។” សម្តេច​តេជោ​បានបន្ដថា នៅចុងខែកុម្ភៈខាងមុខ ប្រធានអង្គការ KOICA នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយនាំទៅមើលកន្លែងសាងសង់ស្ពានតែម្តង ព្រោះថាឥឡូវនឹងតំបន់អរិយក្ស ជាតំបន់ដែល​អភិវឌ្ឍន៍។ សម្ដេចតេជោបានលើកឡើងថា កូរ៉េបានផ្តល់កម្ចីហិរញ្ញប្បទានមកកម្ពុជា​ឆ្នាំ២០១៩-២០២៣ចំនួន៧០០លានដុល្លារ។ ដូច្នេះ ថវិកាទាំងនេះ ចំណុចអាទិភាពដល់កម្ពុជា​ដើម្បីស្នើសុំបែងចែកថវិកានៃឥណទានសម្រាប់ផ្តល់កម្ពុជាលើគម្រោងស្ពាននឹងតែម្តង។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបន្ថែមថា បើប្រជាកសិករ ធ្វើការផលិត និង​ទទួល​​បានផលហើយ តែគ្មានផ្លូវដឹកជញ្ជូនទេ ក៏មិនអាចដោះស្រាយបានទេសម្រាប់ជីវភាព​ប្រជា​ជននោះ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មាន​ប្រ​វែ​ងសរុប ៧​២,១៧គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរ​ចំ​ប​ក់​ មា​ន​ប្រ​វែ​​ង ៦២,៥៦គីឡូម៉ែត្រ (ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៥,៤គីឡូម៉ែត្រ ខេត្ត​កណ្ដា​ល​ប្រ​វែ​ង ១៤,២១គីឡូម៉ែត្រ និងខេត្តតាកែវប្រវែង ៥២,៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ​លេខ​២២​ ពីអូរ​ចំ​ប​ក់​ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ។ គម្រោងនេះគ្រោង​ចំណាយ​​ថ​វិ​កាស​រុប​ប្រ​មា​ណ ៥៦,១លានដុល្លារអាម៉េរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាល​សាធារណ​រដ្ឋ​កូរ៉េ រួមជាមួយ​ថ​វិ​កា​​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះ​ស្រាយ​ផលប៉ះពាល់ ការ​បោ​​សសម្អាត​​មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ៕