សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់ និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀត ដើម្បីឆ្លើយតបនឹងជំងឺកូរ៉ូណា


(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់ និងកិច្ចប្រជុំអន្តរជាតិផ្សេងៗទៀត ដើម្បីពិភាក្សារកដំណោះស្រាយ ឆ្លើយតបនឹងការរីករាលដាល់នៃជំងឺកូរ៉ូណាថ្មី ដែលកាន់តែកាចសាហាវសម្លាប់មនុស្សជាង១ពាន់នាក់។

ការប្រកាសរបស់ នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំគាំទ្រណាស់ នៅពេលខាងមុខនេះមានការប្រជុំឡានឆាង-មេគង្គ ថ្នាក់រដ្ឋមន្រ្តីការបរទេស ហើយនឹងឈានទៅប្រជុំអាស៊ាន-ចិន នៅឯវៀងច័ន្ទ ថ្នាក់រដ្ឋមន្រ្តីការបរទេស ហើយខ្ញុំក៏បន្តគាំទ្រ ប្រសិនបើរដ្ឋមន្រ្តីការបរទេស នៃប្រទេសអាស៊ាន និងចិន មានគំនិតផ្តួចផ្តើមស្នើឱ្យមានការប្រជុំបន្ទាន់ ថ្នាក់កំពូលរវាងអាស៊ាន-ចិន ដើម្បីឆ្លើយត​បនៅក្នុងក្របខណ្ឌតំបន់ លើបញ្ហាវីរុសកូរ៉ូណាថ្មីនេះ ខ្ញុំគាំទ្រ»

គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជំងឺរលាកផ្លូវដង្ហើមកូរ៉ូណាថ្មី បានសម្លាប់មនុស្សកើនឡើងដល់ ១០១១នាក់ និងមានមនុស្សប្រមាណ ៤២,២០០នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ក្នុងប្រទេសចិន។ ជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី បានក្លាយជាបញ្ហាដែលគំរាមកំហែងសម្រាបពិភពលោក ខណៈដែលអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នជាសកលផងដែរ។ ប្រទេសខ្លះបានជ្រើសរើសយកវិធីបិទការទាក់ទងជាមួយប្រទេសចិន និងប្រជាជនចិន ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។

សម្តេចបានបន្តថា៖ «ព្រោះពេលនេះ វិធានការដែលប្រកាន់យកដល់ប្រទេសខ្លះសម្រាប់បញ្ហានេះ វាមានផលប៉ះពាល់ជាមួយនឹងបញ្ហាដែលវានាំមកទៅដល់ការរើសអើង និងការភ័យខ្លាច ដែលមិនគួរកើតមានទេ។ ក្នុងឋានៈជាសមាជិកមួយ នៃអង្គការតំបន់របស់អាស៊ាន ខ្ញុំគាំទ្រឱ្យមានការប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ពិភាក្សាលើបញ្ហាទប់ស្កាត់ការរីករាលសាក នៃជំងឺកូរ៉ូណាថ្មី ហើយខ្ញុំនឹងបន្តគាំទ្រនូវការប្រជុំកំពូលអាស៊ានចិនលើបញ្ហាទាក់ទងនឹងជំងឺនេះ ហើយប្រសិនបើមានវេទិកាអន្តរជាតិដទៃទៀត ខ្ញុំក៏គាំទ្រដើម្បីរកវិធានការឆ្លើយតប»

សម្រាប់សម្តេចតេជោ, ឥឡូវនេះបញ្ហាវីរុសកូរ៉ូណាថ្មីនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ចិនទៀតទេ ដោយបានក្លាយទៅវាជាបញ្ហាតំបន់ និងទៅជាបញ្ហាសកលហើយ។ សម្តេចបានជំរុញឱ្យប្រទេសទាំងអស់រួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ ហើយមិនត្រូវយកពេលនេះ ដើម្បីធ្វើឱ្យចិនឯកោ ឬសម្លាប់ចិននោះទេ។ សម្តេចជឿជាក់ថា ចិនច្បាស់ជាមានសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ។

សម្តេចបានបន្តថា ប្រទេសមួយចំ​នួនបានធ្វើការគិតគូររួចស្រេចទៅហើយថា នឹងមានការមានការខាតបង់ចំនួនប៉ុន្មាននៃវិស័យទេសចរណ៍ ដែលបណ្តាលមកពីការធ្លាក់ចុះនៃភ្ញៀវទេសចរចិន និងការបិទជើងយន្តហោះ។ ប្រទេសខ្លះដែលធ្លាប់នាំទំនិញទៅចិនតាមយន្តហោះ និងកប៉ាល់ ក៏ត្រូវបានព្យាករណ៍ថា ទំនិញទាំងនោះ នឹងមិនត្រូវឱ្យចូលទៅប្រទេសចិនទៀតទេ។ វត្ថុធាតុដើមច្រើនណាស់ចេញពីប្រទេសចិន ទៅប្រទេសមួយចំនួន ឥឡូវបានរងផលប៉ះពាល់ហើយ៕