ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសូនិគមខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៥៥នាក់


ថ្ងៃ​អង្គារ​ ៣រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី​ នៃរដ្ឋបាលស្រុកសូនិគម និងមានការអញ្ជើញចូលរួមពី​ លោក​ប្រធាន​មន្ទីរមុខងារសាធារណៈខេត្ត​ លោក​ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ សមាជិកក្រុមប្រឹក្សា​ស្រុក​ ព្រមទាំងគណៈអភិបាលស្រុក​ មន្ត្រីរដ្ឋបាលស្រុក​ស្មៀនឃុំ​ និងនិងមេឃយំនិងមន្រ្តីពាក់ព័ន្ធ។

ក្នុងនោះដែរលោកស្រីបានលើកឡើងនៅមតិស្វាគមន៍​ និងរាយការណ៍សង្ខេបជូនអង្គពិធីពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុក​ សូនិគម ពីការតស៊ូព្យាយាមរបស់មន្ត្រីរដ្ឋបាលស្រុក​ ការខិតខំប្រឹង​ប្រែងរបស់ថ្នាក់ដឹកនាំស្រុក​ ក្រុមប្រឹក្សា​ស្រុក​ ក្រុមប្រឹក្សា​ឃុំ​ និងការរីកចម្រេីនលេីគ្រប់វិស័យ​ ព្រមទាំងចូលរួមអបសាទក្នុងការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកស្វាលើ ខេត្ត​សៀមរាបនេះ​ ដោយសមាហរណកម្មមន្ត្រីរាជការ​ ចំនួន ៥៥នាក់។

លើសពីនេះដែរលោកស្រី អភិបាល​រងខេត្ត​ បានបន្ថែមថាក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណង សំខាន់ៗចំនួន៣ រួមមាន៖

ទីមួយ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គ ដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទីបី៖លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តី សម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាព ក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែល។