ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា លើកទឹកចិត្ដឲ្យស្ដ្រីកម្ពុជា ដាក់ពាក្យស្នើសុំអាហារូបករណ៍អូស្ដ្រាលីឲ្យបានច្រើន


លោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រា្តលី ទើបតែងតាំងថ្មី ប្រចាំនៅប្រទេសកម្ពុជា បានលើកទឹកចិត្ដឲ្យស្ដ្រីកម្ពុជា ដាក់ពាក្យស្នើសុំអាហារូបករណ៍របស់អូស្ដ្រាលី ឲ្យបានច្រើន។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ប៉ាប្លូ ជីហូកាង ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ មួយចំនួន ជាមួយលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅទីស្ដីការក្រសួងកិច្ចការនារី នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងជំនួបនោះ លោក ប៉ាប្លូ ជីហូកាង ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា បានស្នើសុំឲ្យលោកជំទាវ អ៉ឹង កន្ថាផាវី ជួយផ្សព្វផ្សាយអាហារូបករណ៍ ប្រទេសអូស្ដ្រាលី និងលើកទឹកចិត្ដឲ្យស្ដ្រីកម្ពុជា ដាក់ពាក្យស្នើសុំអាហារូបករណ៍ ឲ្យបានច្រើនបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកជំទាវ អ៉ឹង កន្ថាផាវី នឹងជួយផ្សព្វផ្សាយ អំពីអាហារូបករណ៍ ទៅដល់មន្ដ្រី ដែលកំពុងបម្រើការងារ នៅក្នុងក្រសួង ឲ្យដឹងអំពីព័ត៌មាននេះ ដើម្បីទៅដាក់ពាក្យស្នើសុំអាហារូបករណ៍ ឲ្យបានច្រើន។

ឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា រូបនេះ ក៏បានកោតសរសើរ អំពីការអភិវឌ្ឍន៍យ៉ាងច្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លៀសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកជំទាវ អ៉ឹង កន្ថាផាវី បានក៏ប្រាប់ លោក ប៉ាប្លូ ជីហូកាង ផងដែរថា ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់ របស់ប្រល័យពូជសាសន៍ ដែលទទួលរង ការឈឺចាប់ជាច្រើន ហើយរាជរដ្ឋាភិបាល ព្យាយាមអភិវឌ្ឍន៍ប្រទេស ដែលអាចធ្វើទៅបាន។

លើសពីនោះទៀត លោកជំទាវរដ្ឋមន្ត្រី បានបន្ដថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានកសាងប្រព័ន្ធគាំទ្រសង្គម នៅដល់ប្រជាជនកម្ពុជាផងដែរ។ លោកជំទាវ បានបញ្ជាក់ថា ស្ដ្រីមានចំនួន៥២ភាគរយ នៃចំនួនប្រជាពលរដ្ឋ សរុបទូទាំងប្រទេសកម្ពុជា។

ពាក់ព័ន្ធទៅនឹងវិស័យ សហគ្រាសធុនតូច និងមធ្យម (SME) លោកជំទាវ អ៉ឹង កន្ថាផាវី បានគូសបញ្ជាក់ថា មានស្ដ្រីរហូតទៅដល់៦០ភាគរយ ដែលកំពុងបម្រើការងារ នៅក្នុងវិស័យនេះ។

លោកជំទាវ អ៉ឹង កន្ថាផាវី ក៏លើកឡើងអំពីយុទ្ធការធំៗចំនួន២ ក្នុងការលើកស្ទួយសមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា ក្រុមប្រឹក្សាជាតិ កម្ពុជា ដើម្បីស្ដ្រី និងក្រសួងកិច្ចនារី។ លោកជំទាវ បានលើកឡើងថា គ្រប់ក្រសួងទាំងអស់ នៅក្នុងប្រទេសកម្ពុជា មានការបញ្ជៀសយេនឌ័រ៕