តបតាមការអញ្ជើញរបស់ចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបុណ្យពុទ្ធាភិសេក ឆ្លង សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ សមិទ្ធិផល ក្នុងវត្តសិរីសោភ័ណ (ហៅវត្តភ្នៅ) ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ បានអញ្ជើញអានសុន្ទ រកថាស្វាគមន៍ និងរបាយការណ៍សង្ខេបដោយបញ្ជាក់ថាដោយកុដិឈើមួយខ្នងដែលព្រះសង្ឃធ្លាប់តែប្រើប្រាស់ ត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទីគ្មានសល់ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៨។ ដោយទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមបណ្ឌិត ងួន ញ៉ិល លោកក៏អញ្ជើញមកពិនិត្យស្ថានភាពផ្ទាល់តែម្តង ហើយលោកក៏ប្រកាសប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទយើងនៅទីនេះ នូវកុដិ០១ខ្នង ២ជាន់ ទំហំ 9m x 12m សង់អំពីបេតុងប្រក់ក្បឿង សំរាប់ប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា។ ពេលនេះ អាគារនេះត្រូវបានសាងសង់រួចរាល់ ហើយព្រះចៅអធិការ ព្រះសង្ឃក្នុងវត្តបានឯកភាពយកជាន់ក្រោមសំរាប់ជាកុដិព្រះសង្ឃគង់នៅ និងជាន់លើធ្វើជាបណ្ណាល័យ ហើយដែលយើងបាននិងកំពុងធ្វើបុណ្យពុទ្ធភិសេក ឆ្លងនិងសម្ពោធដាក់អោយប្រើប្រាស់រួមជាមួយកុដិ០១ខ្នងទៀត ២ជាន់ ទំហំ 8m x 12m សង់អំពីបេតុងប្រក់ក្បឿង រួមនិងសមិទ្ធិផលផ្សេងៗទៀត ក្នុងឱកាសនេះដែរ ដែលចំណាយថវិកាសរុបចំនួន 180.982 ដុល្លារ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍ក្នុងអង្គពិធីដោយបានបញ្ជាក់ជូននូវខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១. លើកឡើងអំពីគុណូបការៈរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ និងធ្វើអោយរស់ឡើងវិញនូវរាល់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងជាតិដែលមានសម្តេចទាំងបីគឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមហាបុរស និងជាស្ថាបនិកក្នុងបុព្វហេតុខាងលើនេះ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់អោយប្រើប្រាស់ សមិទ្ធិផល ក្នុងវត្តសិរីសោភ័ណ ហៅវត្តភ្នៅ
