ផ្លូវចាក់បេតុងប្រវែង១២៤មក្នុងបរិវេណស្នងការនគរបាលខេត្តកំពង់ធំទទួលបានពីសប្បុរសជន តម្លៃ១៣,០០០ដុល្លា


(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលបានការជួលឧបត្ថម្ភផ្លូវចាក់បេតុងមួយខ្សែដែលមាន បណ្តោយ១២៤មនិងទទឹង៨.៥០ កំរ៉ាស់១តឹក ពីលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ឋកម្ម កំពង់ធំ ព្រះវិហារ ដោយសកម្មភាពនៃការចាក់បេតុង ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះលោក ឧញ៉ា ហេង សំណាង ដែលបានជួយដោះស្រាយនិងយកចិត្តទុកដាក់ ចូលរួមកសាងអង្គភាព ស្នងការនគរបាល ខេត្តកំពង់ធំ ក៏ដូចជាជួយផ្នែកសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋផងដែរ ហើយក៏សូមអគុណដល់ឯកឧត្តមអភិបាលខេត្តកំពង់ធំ និងសម្បុរសជន ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ឋនៃស្នងការនគរបាលខេត្តកំពង់ធំ តែបើគ្មានការគាំទ្រនិងជួយឧបត្ថម្ភទេ ក៏ពុំមានថ្ងៃនេះផងដែរ។

លោកបានបន្តថារាល់ការប្រជុំនានានៅក្នុងអង្គភាព គឺតែងតែណែនាំផ្តាំផ្ញើ ដល់កងកម្លាំងទាំងអស់ ចំណុះឲ្យស្នងការនគរបាលខេត្តកំពង់ធំ ឲ្យចាត់ទុកកន្លែងធ្វើការ ជាកន្លែងជម្រកទី ២ បន្ទាប់ពីផ្ទះរបស់ខ្លួន និងត្រូវថែរក្សាសំម្អាតអនាម័យ ដើម្បីសុខភាព បើកាលណាខ្វះអនាម័យនាំឲ្យខូច សុខភាព និងបាត់បង់ថវិការ ក្នុងការរក្សាព្យាបាលជម្ងឺទៀតផង ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងមហាជន ទាំងអស់ កុំគិត ថាបញ្ហាគ្រឿងញៀនជារបស់អ្នកណាម្នាក់ គឺត្រូវចូលរួមការ ពារទប់ស្កាត់ទាំងអស់គ្នា បើគ្មានការសហការ ពីបងប្អូនប្រជាពលរដ្ឋទេ បញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈមនិងកូនចៅរបស់លោកអ្នកមិនខានឡើយ ។ ក្នុងនោះដែរលោកសូម អំពាវនាវដល់ មហាជនគ្រប់សម្រទាប់វណ្ណៈ មេត្តាចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា ពដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ពេលបើកបរសូមពាក់មួកសុវត្តិភាព ត្រួតពិនិត្យ បច្ចេកទេសយានយន្ត គោរពគំនូសផ្លាកសញ្ញាចរាចរណ៍ ដើម្បីសុខសុវត្តិភាពជាចម្បង។

មន្រ្តីរាជការ កងកម្លាំង មហាជននៅក្នុងខេត្តកំពង់ធំ បានកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែង របស់លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានប្រែក្លាយទីតាំងស្នងការ ដែលពីមុនមានតែព្រៃដុះជុំជិត ប្រកបដោយស្រះទឹក និងផ្លូវអន្លង់បាយខុម មកប្រែក្លាយជាកន្លែងធ្វើការ ដ៏មានផាសុខភាព ផ្លូវបេតុង ចាក់សាបមុខបរិវេណនៃស្នងការ បង្កើតសួនច្បារ បន្ថែមនូវអាគារថ្មីៗជាច្រើន ខ្នង មានការរៀបចំទុកដាក់ រថយន្ត ម៉ូតូ មានសណ្តាប់ធ្នាប់ និងបានធ្វើឲ្យក្លាយជាកន្លែងបណ្តុះបណ្តាល នូវចិត្តសាស្រ្ត សម្រាប់ប្អូនៗជាកងកម្លាំងយកជាគំរូតាម នៃការដឹកនាំនៅថ្ងៃអនាគត៕

ឧកញ៉ាហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ បានមានប្រសាស៍ថា ដើម្បីចូលរួមចំណែក ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋឲ្យទទួលបានល្អប្រសើរ ក៏ដូចជាការតបស្នងនៃការស្នើរសុំរបស់ លោកស្នងការនគរបាលខេត្តកំពង់ធំ គឺបានជួយសាងសង់ផ្លូវបេតុង ចាប់ពីចំណតរថយន្តពន្លត់អគ្គីភ័យ មកដល់ខ្លោងទ្វារធំ ក្នុងគោលបំណងសម្រួលដល់ការចេញអន្តរាគមន៍ របស់រថយន្តពន្លត់អគ្គីភ័យ បំរើជូនដល់ ប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានចំណាយថវិការប្រមាណជាង ១៣,០០០ដុល្លា។