ថ្នាក់ដឹកនាំរបស់ UNESCAP៖ សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល ក្នុងការពង្រឹងចំណងមិត្តភាពលើឆាកអន្តរជាតិ និងចែករំលែកភាពជោគជ័យរបស់កម្ពុជា


ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គណៈកម្មាធិការជាតិទទួលបន្ទុកសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក) បានឱ្យដឹងថា ថ្នាក់ដឹកនាំរបស់ UNESCAP បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងសន្និបាតលើកទី៧៥ របស់គណៈកម្មាការសេដ្ឋកិច្ច សង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះ ហើយវាពិតជាសម្តែង ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងចំណងមិត្តភាពលើឆាកអន្តរជាតិ និងការចែករំលែកពីភាពជោគជ័យរបស់កម្ពុជា។

ការដឹងបែបនេះរបស់ថ្នាក់ដឹកនាំរបស់ UNESCAP តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំកិច្ច ប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិអេស្កាប់ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ការប្រឈមនានា និងទិសដៅបន្តសម្រាប់ឆ្នាំ២០២០ ដែលមានការចូលរួមពីសមាសភាព ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នជាតិចំនួន២១ ដែលជាសមាជិករបស់ខ្លួន។

គណៈកម្មាធិការជាតិអេស្កាប់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតួនាទីចម្បងធ្វើការសម្របសម្រួល និងបង្កើនសហប្រតិបត្តិការ រវាងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បណ្តាអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដើម្បីកៀរគរធនធាន បង្កើនសមត្ថភាពមន្ត្រីរាជការ ក៏ដូចជាប្រមូលធាតុផ្សំ ដើម្បីគាំទ្រ រាជរដ្ឋាភិបាល ក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ ផែនការសកម្មភាព សំដៅចូលរួមអភិវឌ្ឍសេដ្ចកិច្ច និងសង្គមកិច្ចប្រកបដោយចីរភាព។

សម្មិទ្ធិផលសំខាន់ៗ ក្នុងឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិអេស្កាប់ រួមមាន៖

* ទី១៖ ការសម្របសម្រួលការចូលរួមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ថ្លែងសុន្ទរកថាគន្លឹះ ចែករំលែកពីដំណើរការនៃការអភិវឌ្ឍ និងភាពជោគជ័យ របស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងការធ្វើបរិយាប័ន្នតាមរយៈគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់កម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី៧៥ របស់ UNESCAP នៅទីក្រុងបាងកក។

* ទី២៖ ការសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP រួមជាមួយគណៈប្រតិភូជាន់ខ្ពស់អង្គការសហប្រជាជាតិផ្សេង មកកាន់កម្ពុជា និងចូលជួបសវនាការ និងសម្តែងការគួរ សមជាមួយសម្តេចតេជោ រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនផ្សេងទៀត ក្នុងបំណងពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង UNESCAP ព្រមទាំងពិភាក្សាអំពីការងារទូទៅរបស់ UNESCAP រួមទាំងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ។

* ទី៣៖ គណៈកម្មាធិការជាតិអេស្កាប់ បានសម្របសម្រួលក្នុងការបញ្ជូនមន្ត្រីមកពីក្រសួងនានា របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលរបស់ UNESCAP ចំនួន៣៥ នៅក្នុងឆ្នាំ២០១៩។

* ទី៤៖ គណៈកម្មាធិការជាតិអេស្កាប់ បានសហការជាមួយ UNESCAP រៀបចំសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់តំបន់ព្រមទាំងវគ្គបណ្តុះបណ្តាល មួយចំនួន ក្នុងន័យអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការរបស់កម្ពុជា ក៏ដូចជា ចែករំលែកបទពិសោធន៍ និងប្រមូលធាតុផ្សំសំខាន់ៗ សម្រាប់បញ្ចូលទៅ ក្នុងផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវតំបន់របស់ UNESCAP ក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ចំពោះទិសដៅបន្តសម្រាប់ឆ្នាំ២០២០ គណៈកម្មាធិការជាតិអេស្កាប់រួមមានទី១៖ បន្តពង្រីកកិច្ចសិក្សាស្រាវជ្រាវវិភាគបែបគោលនយោបាយ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីជាធាតុផ្សំ សម្រាប់ស្នើបញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ទី២៖ បន្តរៀបចំសិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹង ទាក់ទងទៅនឹងគោលនយោបាយ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដល់ស្ថាប័ននានា ជាពិសេសគ្រឹះស្ថានឧត្តមសិក្សា, ទី៣៖ បន្តកៀរគរធនធាន ដើម្បីអនុវត្តសកម្មភាពកសាងសមត្ថភាព និងស្រាវជ្រាវ របស់គណៈកម្មាធិការជាតិអេស្កាប់ និងទី៤៖ បន្តជួយគាំទ្រដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការនានា ដែលអាចធ្វើទៅបាន៕