ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជួបពិភាក្សាឈ្វេងយល់ពីវឌ្ឍភាព និងបញ្ហាប្រឈម នៃការអនុវត្តច្បាប់ស្តីពី «ការប្រឆាំងអំពើពុករលួយ»


(បន្ទាយមានជ័យ)៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា (គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា) បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ្ធទាំងបី ដើម្បីពិភាក្សាបែបស្ថាបនា និងឈ្វេងយល់អំពីវឌ្ឍភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម អោម ចន្ថា បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សភាពការណ៍សន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់នៅក្នុងខេត្ត និងតាមបណ្តោយខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ កិច្ចសហប្រតិបត្តិការអន្តរជាតិ វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយ ប្រសិទ្ធភាពការងារលើវិស័យសុខាភិបាល វិស័យថាមពល និងទឹកស្អាត ការដោះស្រាយទំនាស់ដីធ្លី វិស័យធារាសាស្ត្រ វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត។

ឯកឧត្តម ម៉ម ប៊ុននាង បានកោតសរសើររដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំ និងការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច ជាពិសេសការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងធ្វើមូលដ្ឋានមានការរីកចម្រើនគួរឱ្យកត់សំគាល់។

ប្រធានគណៈប្រតិភូបានបន្តថា ក្រសួង ស្ថាប័នថ្នាក់ជាតិ បាននឹងកំពុងធ្វើការកែទម្រង់លើលិខិតគតិយុត្ត និងប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ អំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទាក់ទងនឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ប្រធានគណៈប្រតិភូ បានគួសបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសពុករលួយ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តទាំងមូល ក៏ជាចលករមួយក្នុងការជម្រុញការអប់រំ បង្ការទប់ស្កាត់អំពើពុករលួយនេះផងដែរ។ ជាពិសេសត្រូវផ្តល់នូវកិច្ចសហការឱ្យបានម៉ឺងម៉ាត់ ប្រសិនបើមានការស្នើសុំពីអង្គភាពប្រឆាំងអំពើពុករលួយ។ទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋានលោក ម៉ម ប៊ុននាង បានឱ្យដឹងថា រាជរដ្ឋាភិបាលបានផ្ទេរធនធានបន្ថែមពីថវិការដ្ឋ ដល់រដ្ឋបាលឃុំ-សង្កាត់។

លោកបានបន្តថា នៅឆ្នាំ២០២០នេះ ឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមចំនួន ១២២,០០០ដុល្លារ ក្នុងនោះមានថវិកាសម្រាប់ចំណាយលើផ្នែកអភិវឌ្ឍមូលដ្ឋាន ជាមធ្យមចំនួន ៧០,០០០ដុល្លារ ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ថវិកានេះនឹងកើនឡើងជារៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣។

បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានបន្តជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់គណៈក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុង ចៅសង្កាត់ ស្មៀន នាយប៉ុស្ត៍រដ្ឋបាលសង្កាត់ ប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិ និងនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន៣២នាក់ ស្ថិតនៅសាលាក្រុងប៉ោយប៉ែត។

ក្នុងការជួបពិភាក្សានាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ក្រុងប៉ោយប៉ែត ព្រមទាំងអំពាវវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ ចូលរួមអប់រំ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង អំពើពុករលួយ និងអនុវត្តឱ្យបានប្រសើរនូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ ។ ជាពិសេសត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ៕