ឯកឧត្តម សុខ ឥសាន៖ ស្នាដែជាប្រវត្តិសាស្រ្តរបស់CPP គឺបានផ្តល់សុខសន្តិភាពជូនប្រជាពលរដ្ឋ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រ បត់បែនយ៉ាងស្មុគ្រស្មាញ ដោយឆ្លងកាត់សង្គ្រាម៥ឆ្នាំ ក្រោយរដ្ឋប្រហារដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល គាំទ្រដោយ សហរដ្ឋអាមេរិក បន្ទាប់មកបានធ្លាក់ចូលក្នងរបបប្រល័យពូជសាសន៏ ជាង៣ឆ្នាំ ហើយបានឆ្លងកាត់សង្គ្រាមស៊ីវិលជាង១០ឆ្នាំទៀត ទំរាំមានសន្តិភាពពេញលេញ រហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម បានបន្តថា មេរៀនប្រវត្តិសាស្ត្រ បានផ្តល់នូវបទពិសោធន៏យ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា បើគ្មានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវទេ និងបើគ្មានការប្តេជ្ញាចិត្តដ៏ប្តូរផ្តាច់ដាចខាតទេ នោះមិនអាចរកផ្លូវឆ្ពោះទៅរកសន្តិភាពបានទេ  ហើយបើគ្មានសន្តិភាព ក៏មិនអាចមានអី្វៗទាំងអស់នៅលើទឹកដីកម្ពុជា រួមទាំងជីវិតមនុស្សផង ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ជនស្នេហាជាតិផុសចេញពីគណបក្សប្រជាជនកម្ពុជា បានដឹកនាំការតស៊ូ ដោយប្រើគ្រប់យុទ្ធវិធីនយោបាយដ៏ឈ្លាសវៃ ដណ្តើមជ័យជម្នះឈានពីដណាក់កាលមួយ ទៅដំណាក់កាលមួយ រហូតបានជ័យជំនះជាស្ថាពរ គឺ សន្តិភាពពេញលេញជូនប្រទេសជាតិ ។ នេះជាស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលក្លាយជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គមកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ។ មានគណបក្សប្រជាជនកម្ពុជា ដឹកនាំ អ្នកនយោបាយណា គណបក្សណា និងប្រជាជនគ្រប់និន្នាកានយោបាយ អាចរស់នៅបានប្រកបដោយសុខដុមរមនាជាមួយគ្នាយូរអង្វែង ។