កម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងស្រុកកំពង់ត្រាចខេត្តកំពត


នៅព្រឹកថ្ងៃ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី ២៣ ខែកម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី៧ រដ្ឋសភាជាតិ ក្នុងកម្មវិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមានសរុបចំនួន ៦៨៧៩នាក់ ដែលកម្មវិធីនេះបានធ្វើឡើងនៅសាលាវិទ្យាល័យ ព្រះបិតាជាតិ ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលទៅកាន់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋ នាឱកាសនោះ ដោយបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែល តែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះមក បំពេញ បេសកកម្មមនុស្សធម៌ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ ដោយឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្ត ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ ជាមួយឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តថែរក្សាសុខភាពឲ្យបានល្អដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ព្រមទាំងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា។

-គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកំពត ក្នុងរយៈពេលថ្មីៗនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មានចំនួន ៦លើកមកហើយ នៅតាមបណ្ដាស្រុកក្នុងខេត្តចំនួន៥ គឺស្រុកដងទង់ចំនួន២លើក ស្រុកឈូក១លើក ស្រុកទឹកឈូ ១លើក ស្រុកបន្ទាយមាស ១លើកនិងស្រុកកំពង់ត្រាច១លើក ដែលមានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ១៤.៦៥១នាក់ ក្នុងនោះស្រីមានចំនួន១៣.១៦៣នាក់។