ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម


នៅថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនាមសហប្រធានគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន ជាមួយធនាគារកណ្តាលម៉ាឡេស៊ី លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងជាន់ខ្ពស់របស់ធនាគារកណ្តាលនៃប្រទេសសមាជិកអាស៊ាន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) លេខាធិការអាស៊ាន និងគណៈកម្មាធិការនានានៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើវឌ្ឍនភាពនិងទិសដៅការងារ ក្នុងក្របខ័ណ្ឌសមាហរណកម្មអាស៊ាននិងការងារពាក់ព័ន្ធនានា ដែលគាំទ្រសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន ដើម្បីរាយការណ៍ជូនដល់កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាននាពេលខាងមុខ។ ប្រធានបទដែលលើកយកមកពិភាក្សារួមមាន៖ i/- ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ii/- គំនិតផ្តួចផ្តើមជាគន្លឹះក្នុងការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុ រួមមាន ក្របខ័ណ្ឌសមាហរណកម្មវិស័យធនាគារអាស៊ាន សេរីភាវូបនីយកម្មគណនីមូលធន ការអភិវឌ្ឍទីផ្សារទុន បរិយាបន្នហិរញ្ញវត្ថុ សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់និងផាត់ទាត់ iii/- ភាពធន់ និងប្រព័ន្ធបែងចែងព័ត៌មាន cybersecurity របស់អាស៊ាន iv/- តួនាទីរបស់ធនាគារកណ្តាលអាស៊ានក្នុងការលើកកម្ពស់ចីរភាពនៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាស៊ាន v/- គោលការណ៍ធនាគារអាស៊ានប្រកបដោយចីរភាព និង vi/- ការកសាងសមត្ថភាពមន្ត្រីធនាគារកណ្តាលប្រទេសព្រុយណេ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (BCLMV)។
គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចអាស៊ានត្រូវបានព្យាករថា អាចនឹងថមថយពី ៤,៩% ក្នុងឆ្នាំ២០១៩ មកត្រឹម ៤,៥% នៅឆ្នាំ២០២០ ដោយសារការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) ដែលអាចមានហានិភ័យចំពោះសេដ្ឋកិច្ចក្នុងតំបន់រយៈពេលមធ្យម និងជះឥទ្ធិពលខ្លាំងលើផ្នែកសេវា ការវិនិយោគ និងការប្រើប្រាស់របស់ប្រជាជន។ ឆ្លើយតបនឹងផលប៉ះពាល់នេះ គោលនយោបាយមួយចំនួនត្រូវបានលើកឡើង ដូចជា ការរក្សាឱ្យបាននូវកម្រិតអតិផរណា ការបង្កើនការចំណាយរបស់រដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មនិងបច្ចេកវិទ្យា ការផ្តល់ហិរញ្ញប្បទានចំពោះការចំណាយទប់ទល់នឹងការរីករាលដាលនៃមេរោគនេះ បង្កើនហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ក្នុងតំបន់អាស៊ាន ជាដើម។ ចំពោះការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន អង្គប្រជុំបានកត់សម្គាល់នូវសមិទ្ធផលដែលគណៈកម្មាធិការអាស៊ានសម្រេចបានដូចជា ការបង្កើតធនាគារអាស៊ានប្រកបដោយគុណវុឌ្ឍិ (QABs) ចំនួនពីរ ការរៀបចំក្របខ័ណ្ឌសមាហរណកម្មធនាគារអាស៊ាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសេរីក្នុងតំបន់ (RCEP) ការរៀបចំគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌទូទាត់ជារូបិយវត្ថុជាតិ ការអនុវត្តក្របខ័ណ្ឌគោលនយោបាយសម្រាប់ការទូទាត់ និងការបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុនិងការការពារអ្នកប្រើប្រាស់។ ធនាគាជាតិនៃកម្ពុជានិងធនាគារកណ្តាលម៉ាឡេស៊ីបានបញ្ចប់ភាពជាសហប្រធាននៃកិច្ចប្រជុំនេះដែលមានអាណត្តិ ២ឆ្នាំ ដោយជោគជ័យ ហើយសហប្រធានបន្ទាប់គឺធនាគារកណ្តាលព្រុយណេនិងធនាគារកណ្តាលថៃ។