ប្រធានពាណិជ្ជកម្មចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការទប់ស្កាត់វីរុស COVID-19 នៅកម្ពុជា


លោក Jing Jun ប្រធានពាណិជ្ជកម្មចិននៅកម្ពុជា បានថ្លែងប្ដេជ្ញាធ្វើការរួមគ្នាជាមួយកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការទប់ស្កាត់វីរុស COVID-19 នៅកម្ពុជា និងបន្ដឧបត្ថម្ភគាំទ្របំពេញបន្ថែម នូវតំរូវការចាំបាច់របស់កម្ពុជា។

លោកថ្លែងបន្ដថា ថ្មីៗកន្លងមកនេះ ប្រទេសចិនទាំងមូល បាននឹងកំពុងរួមសាមគ្គី ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងវីរុសកូរ៉ូណាថ្មី (COVID-19) ដោយទទួលបាននូវប្រសិទ្ធិភាពខ្ពស់។
ក្នុងអំឡុងពលប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាន់នូវគោលជំហរយ៉ាងរឹងមាំជាមួយចិន និងបានចាត់វិធានការគាំទ្រចិនយ៉ាងស្វះស្វែង ទាំងការលើកទឹកចិត្ដ និងបង្កើនជំនឿចិត្ដយ៉ាងខ្លាំង ដល់ប្រជាជនចិនកំពុងរស់នៅកម្ពុជា។

ការប្ដេជ្ញាគាំទ្រ លើកទឹកចិត្ដ និងមិនទុកគ្នាចោលក្នុងគ្រាមានទុក្ខលំបាក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវសញ្ញាវិជ្ជមានដ៏កាន់តែរឹងមាំ ក្នុងភាពជាមិត្ដរវាងប្រទេសទាំងពីរ។

ម្យ៉ាងវិញទៀតក្រសួងសុខាភិបាល ក៏បានផ្ដល់ឱ្យប្រជាជនចិនដែលកំពុងរស់នៅកម្ពុជា នូវសេវាសុខភាពសាធារណៈបានយ៉ាងយកចិត្ដទុកដាក់ ព្រមទាំងបានជំរុញនូវការវិនិយោគ និងពាណិជ្ជកម្មរបស់សហគ្រិនចិននៅកម្ពុជាផងដែរ។

លោក Jing Jun បានថ្លែងបន្ដថា ដើម្បីពង្រឹងនៅក្នុងកិច្ចសហប្រតិបត្ដិការជាមួយក្រសួងសុខាភិបាល និងកិច្ចការបង្ការទប់ស្កាត់វីរុសកូរ៉ូណាថ្មីនៅកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា នឹងប្ដេជ្ញាធ្វើការរួមគ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការឧបត្ថម្ភគាំទ្រផ្ដល់ជាសម្ភារ បរិក្ខារពេទ្យផ្សេងៗ និងតំរូវការចាំបាច់របស់កម្ពុជា។

ការថ្លែងបែបនេះរបស់លោក Jing Jun ប្រធានពាណិជ្ជកម្មចិននៅកម្ពុជា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលត្រូវធ្វើបន្ដជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្ដីការក្រសួង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ និងស្នើសុំសភាពាណិជ្ជកម្មចិន ជួយសាងសង់អគារថ្មីមួយ ក្នុងមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ សម្រាប់ត្រៀមជាស្រេច បើក្នុងករណីកើតមានជំងឺវីរុសប្រភេទថ្មី កូវីត-១៩ ជាយថាហេតុ ដើម្បីផ្ដល់ការពារកាន់តែល្អប្រសើរបន្ថែមទៀត ទោះមានបន្ទប់ ឬអគារសម្រាប់ដាក់អ្នកជំងឺស្រាប់ក៏ដោយ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ជួយផ្សព្វផ្សាយសារអប់រំ ឬវិធានការការពារសុខភាព ពីវីរុសកូវីត-១៩ ទាំង១១ចំនុច ដែលចេញដោយអង្គការសុខភាពពិភពលោក ដល់ក្រុមហ៊ុនទាំងអស់ ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនប្រមាណជាង៥០០សហគ្រាសនោះ។

ឯកឧត្តមរដ្ឋមន្ដ្រីថ្លែងបញ្ជក់ថា ប្រសិនបើមានប្រជាជនរបស់ចិនណាម្នាក់ ធ្វើដំណើរមកកម្ពុជា ហើយការសង្ស័យថា ផ្ទុក ឬឆ្លងវីរុសប្រភេទថ្មីនេះ សូមទុកគាត់នៅមួយកន្លែង យ៉ាងតិចណាស់១៤ថ្ងៃ កុំឱ្យចេញទៅណា ហើយសង្ស័យសូមទំនាក់ទំនងមកមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទ (១១៥) ដោយកុំយកទៅពេទ្យឯកជនឱ្យសោះ ចៀសវាងមានបញ្ហាផ្សេងៗបង្កឱ្យមានការភ័យខ្លាចដល់ពលរដ្ឋខ្លួន និងប្រជាជនកម្ពុជា ពេលទទួលបានការពិនិត្យមិនត្រឹមត្រូវ និងព័ត៌មានមិនច្បាស់លាស់នោះ។

លើសពីនោះ ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា បើសិនជាអាចកាត់បន្ថយ ឬចៀសវាងបាន សូមកុំជក់បារី ព្រោះវាធ្វើឱ្យសួតមានបញ្ហា ដែលស្របពេលដែលវីរុសកូវីត-១៩នេះ កំពុងផ្ទុះជាសកល វានឹងវាយប្រហារទៅលើសួត ដែលធ្វើឱ្យស្ថានភាពជំងឺនោះ កាន់តែឆាប់ធ្ងន់ធ្ងរ ខុសពីគេមិនជក់បារី ឬសួតមានសុខភាពល្អ។

សូមជម្រាបថា ក្នុងឱកាសនោះផងដែរ សភាពាណិជ្ជកម្មចិននៅកម្ពុជា ក៏បានឧបត្ថម្ភនូវស្រោមដៃ ចំនួន ១ម៉ឺន, ម៉ាស៥ពាន់ និងវ៉ែនតា ការពារចំនួន ១០០ ដល់ក្រសួងសុខាភិបាល សម្រាប់ការពារពេលទទួលព្យាបាលអ្នកជំងឺ ហើយរាល់សំណើរបស់កម្ពុជា ភាគីចិន នឹងខិតខំប្រឹងប្រែងសហការឱ្យបានយ៉ាងរលូន៕