រដ្ឋមន្ត្រី ថោង ខុន ប្រកាសវិធានការ ៧ចំណុចរបស់សម្តេចតេជោ ចំពោះមុខការថមថយទេសចរអន្តរជាតិ


(ភ្នំពេញ)៖ ឆ្នាំ២០១៩ បានបង្ហាញនូវការរីកចម្រើនថ្មីនៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ និងទេសចរក្នុងកិច្ចការអនាម័យ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ប៉ុន្តែនៅចុងឆ្នាំបែរជាមានការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាននិងកំពុងកើតឡើងនៅទូទាំងពិភពលោក។

ជុំវិញបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានចាត់វិធានការដោះស្រាយជាបន្តបន្ទាប់ ហើយពេលថ្មីៗនេះសម្ដេចតេជោ បានចេញវិធានសំខាន់ៗចំនួន ៧ចំណុចទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ដែលកំពុងជួបបញ្ហាឱនភាព។

វិធានការទាំងនោះត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ប្រកាសផ្សព្វផ្សាយនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ដែលបានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីបានលើកឡើងថា ឆ្លើយតបនឹងសភាពការណ៍នៃការវិវត្តចុងក្រោយនេះ ដែលក្នុងនោះប្រឈមទាំងការថមថយនៃចំនួនទេសចរអន្តរជាតិមកកាន់សៀមរាប ក៏ដូចជាការប្រឈមនឹង ការថយចុះនៃចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា ជារួម សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ ដែលគាំទ្រ និងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអនុវត្តវិធានការទាំង ៧ចំណុច របស់សម្តេចតេជោ ដូចខាងក្រោម៖

*ទី១ ៖ លើកលែង (រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ខែកុម្ភៈ រហូតដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ អាករ និងប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

*ទី២ ៖ មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប។

*ទី៣ ៖ ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការជំរុញនូវការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្តុះបណ្តាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូត អង្គការមិនមែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។

*ទី៤ ៖ បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

*ទី៥ ៖ ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន្ត (២០២០) ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្រ្តី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសំលៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

*ទី៦ ៖ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ សំបុត្រសម្រាប់ ១ថ្ងៃ អាចចូលមើលបាន ២ថ្ងៃ សំបុត្រសម្រាប់ ៣ថ្ងៃ អាចចូលមើលបាន ៥ថ្ងៃ និងសំបុត្រសម្រាប់ ៧ថ្ងៃ អាចចូលមើលបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅកម្ពុជា។

*ទី៧ ៖ ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុង វិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំណេះដឹងបន្ថែម (Upskilling) និងការផ្តល់នូវប្រាក់ខែសមរម្យ។

សូមជម្រាបថា ឆ្នាំ២០១៩ កន្លងទៅនេះ វិស័យទេសចរណ៍កម្ពុជានៅរក្សាបានកំណើន ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦.៦លាននាក់ កើនឡើងក្នុងអត្រា ៦.៦% ខណៈដែលភ្ញៀវទេសចរក្នុងស្រុកបានធ្វើដំណើរនៅទូទាំងប្រទេសមានចំនួនជាង ១១,៥លាននាក់ ក្នុងកំណើនប្រមាណ ២%៕