សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាធ្វើនយោបាយគ្រប់ប្រទេស មិនមានចាប់យកប្រទេសមួយ បោះបង់ប្រទេសមួយ ដូចក្រុមអ្នកវិភាគអវិជ្ជមានឡើយ


នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាធ្វើនយោបាយអន្តរជាតិ ជាមួយគ្រប់ប្រទេសទាំងអស់លើពិភពលោក ដោយមិនមានការចាប់យកប្រទេសមួយធ្វើជាមិត្ត ហើយបោះបង់ប្រទេសដទៃទៀត ដូចក្រុមអ្នកវិភាគបែបអវិជ្ជមានមួយចំនួន លើកឡើងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ថ្មីៗនេះ លោកបណ្ឌិត មាស នី និងក្រុមអ្នកវិភាគមួយចំនួន ដែលតែងតែវិភាគឲ្យវិទ្យុបម្រើបរទេស បាននិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជាបានបោះបង់អាមេរិក និងអឺរ៉ុប ហើយចាប់យកចិនតែមួយប្រទេស។ ការវិភាគនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រតិកម្មភ្លាមៗផងដែរ ដោយចាត់ទុកលោកបណ្ឌិត មាស នី និងក្រុមអ្នកវិភាគទាំងនោះ គឺជាអាយ៉ងបរទេស។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ សម្តេចតេជោ ហ៊ុន សែន បានដាក់សំណួរថា ហេតុអ្វីក្រុមអ្នកវិភាគមើលឃើញពីគុណសម្បត្តិរបស់ចិនជួយកម្ពុជា ហើយវិភាគវាយប្រហារតែរឿងកម្ពុជាធ្វើទំនាក់ទំនងជាមួយចិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ម៉េចបានអ្នកទាំងឡាយមិនយល់ ហើយគិតតែរឿងវិភាគឡើង ថាយើងបោះប់ងចោលអាមេរិក បោះបង់ចោលអឺរ៉ុប ទៅចាប់យកតែចិន។ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំអត់បោះបង់ចោលនរណាមួយទេ ខ្ញុំត្រូវការមិត្តទាំងអស់»

សម្តេចមានប្រសាសន៍បន្តថា «កម្ពុជាប្រកាន់យកនូវទំនាក់ទំនងអន្តរជាតិ ដោយមិនប្រកាន់របបនយោបាយ។ មកដល់ពេលនេះយើងមានជាង១៧០ប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា។ ដូច្នេះយើងក៏ត្រូវយល់ពីសារៈសំខាន់នៃសាមគ្គីភាពរបស់យើង»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រទេសចិនមានបន្ទុកច្រើនណាស់ ចំពោះការជួយប្រទេសនានាលើពិភពលោក ហើយបើមានប្រទេសច្រើនជួយកម្ពុជា ចិនក៏អរផងដែរ ព្រោះចិនអាចយកជំនួយទាំងនោះទៅជួយប្រទេសផ្សេងទៀត។ សម្តេចតេជោក៏បានប្រកាសថា កម្ពុជាត្រូវការជួយពីគ្រប់ប្រទេសជាមិត្តទាំងអស់។

សម្តេចថែមទាំងបានរំលឹកឲ្យឃើញអំពីសារៈសំខាន់នៃការកសាងប្រទេស ដោយមានវត្តមាននៃជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាដើម ចិនបានជួយកម្ពុជាច្រើនណាស់, ចំពោះប្រព័ន្ធធារាសាស្ត្រ មានដូចជា នៅកំពីងពួយ ខេត្តបាត់ដំបង នៅខេត្តពោធិ៍សាត់ នៅខេត្តឧត្តរមានជ័យ និងនៅវាយគោ ក្នុងខេត្តស្វាយរៀងជាដើម។ ក្រៅពីនេះនៅមានជំនួយរបស់ចិនជាច្រើនទៀត រួមមាន លើវិស័យសុខាភិបាល និងវិស័យអប់រំ៕