ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ៖ ថ្លែងអំណរគុណដល់ប្រទេសន័រវែសដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីន


អាជ្ញាធរមីន៖ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកជំទាវ Marianne Hagen រដ្ឋលេខាធិការ ក្រសួងការបរទេសប្រទេសន័រវែសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់រដ្ឋាភិបាល និងប្រជាជនន័រវែស ដែលបានផ្តល់ការគាំទ្រ និងចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ផ្តល់ដីជូនប្រជាពលរដ្ឋដើម្បីបង្កបង្កើន ផលប្រកបដោយសុវត្ថិភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវ Marianne Hagen ក្នុងនាមរាជរដ្ឋាភិបាលប្រទេសន័រវែស បានកោតសរសេីរលេីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យមីន និងបានថ្លែងនូវអំណគុណចំពោះរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់នូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ហើយរាជរដ្ឋាភិបាលន័រវែសប្តេជ្ញានឹងបន្តជួយវិស័យសកម្មភាពមីននៅកម្ពុជា។

ប្រទេសន័រវែស តាមរយ:អង្គការអិភីអេគឺជាម្ចាស់ជំនួយដ៏ធំមួយដែលបាននឹងកំពុងជួយដល់កម្ពុជាលើការងារបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគម្រោងកសាងសមត្ថភាពដល់អាជ្ញាធរមីនផងដែរ។