មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឲ្យមន្រ្តី បញ្ច្រាបដល់ថ្នាក់ភូមិឃុំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតក្នុងជីវភាពប្រចាំថ្ងៃ


(កំពង់ធំ)៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទក្រោមអធិបតី ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូរសង្គមស៊ីវិល ដែលប្រតិបត្តិការនៅក្នុងមូលដ្ឋានខេត្តជាច្រើនរូបទៀត។

ឯកឧត្តម សុក ហៃ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមចំណែកយ៉ាងសំខាន់ របស់មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការអនុវត្តការងារ ធ្វើឲ្យសម្រេចបានសមិទ្ធផលសំខាន់ជាច្រើនក្នុងខេត្ត ជំរុញឲ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជន ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគម្រោងអភិវឌ្ឍន៍នានា ដើម្បីឲ្យពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងមានការចូលរួម។

ឯកឧត្តម អ៊ិន ចន្ថា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលតី៦ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យកភាពចាំបាច់ក្នុងការលើកកម្ពស់គុណភាព និងការថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងការជំរុញការលើកកម្ពស់អនាម័យជនបទជាទិសដៅចម្បងរបស់ខ្លួន សំដៅរួមចំណែកធ្វើឲ្យសម្រេចបាននូវការបន្តជំរុញការអភិវឌ្ឍជនបទឲ្យរស់រវើក ដោយបន្តវិនិយោគលើផ្លូវជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការពង្រីកការគ្របដណ្តប់ការប្រើប្រាស់អគ្គិសនី ការពង្រីកការទទួលបានទឹកស្អាត ការលើកកម្ពស់អនាម័យ ការរៀបចំភូមិ និងលំនៅដ្ឋាន ព្រមទាំងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តចលនាភូមិ១ ផលិតផល១ និងចលនាភូមិថ្មី។

ឯកឧត្តមបន្តថា គឺជាការចាំបាច់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចឲ្យបានជោគជ័យ នៅតំបន់ដាច់ឆ្ងាយពីវិស័យទឹកស្អាត និងអនាម័យសកល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងនោះលទ្ធផល នៃវឌ្ឍនភាពជាវិជ្ជមាននៃអនាម័យ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងផ្ទាល់ របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួម សហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល ជាមួយដៃគូអភិវឌ្ឍ ក៏ដូចជាផ្នែកពាក់ព័ន្ធផ្សេងៗ រួមទាំងវិស័យឯកជនផងដែរ។

ឯកឧត្តមបានស្នើឲ្យថ្នាក់ក្រុងស្រុក ត្រូវលើកយករបៀបវារៈ ស្តីពីអនាម័យទឹកស្អាត នឹងសុខភាពមកដាក់ប្រជុំប្រចាំខែ ហើយបន្តបញ្ច្រាបដល់ថ្នាក់ភូមិឃុំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ពីការហូបស្អាត ផឹកស្អាត រស់នៅស្អាតក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីជាចំណែកក្នុងការកាត់បន្ថយជំងឺ និងឈានដល់ការកាត់បន្ថយភាពក្រីក្រផងដែរ។

គួរបញ្ជាក់ថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអនុវត្តនូវសកម្មភាពរបស់ក្រសួងបានដាក់ចេញផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ ដោយផ្តោតសំខាន់លើ៖

*ទី១ ៖ ការពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស
*ទី២ ៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍
*ទី៣ ៖ លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ
*ទី៤ ៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅតំបន់ជនបទ៕