អភិបាលខេត្តបាត់ដំបងចុះពិនិត្យការនាំទឹកដើម្បីរក្សាទុកប្រើប្រាស់ក្នុងរដូវប្រាំង នៅស្រុកគាស់ក្រឡ


នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង លោកប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង លោកអភិបាលស្រុក និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនទៀត ចុះពិនិត្យមើលប្រភពទឹក និង ការបូមទឹករក្សាទុកប្រើប្រាស់ក្នុងរដូវប្រាំង នៅស្រុកគាស់ក្រឡ ។

លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋបាលស្រុកគាស់ក្រឡ ដោយមានណែនាំចង្អុលបង្ហាញ និង មានការឧបត្ថម្ភប្រេងម៉ាស៊ូតពី ឯកឧត្តម អភិបាលខេត្ត និង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក រដ្ឋបាលស្រុក បានធ្វើការបូមទឹកដើម្បីធ្វើការរក្សាទឹកទុកតាមបឹងបួរ និង ប្រឡាយមួយចំនួន សម្រាប់ឆ្នាំ២០២០ នេះ មានលក្ខណៈល្អប្រសើរជាច្រើនជាងឆ្នាំ២០១៩ ហើយយើងអាចបូមទឹកជួយឃុំបានចំនួន ៤ឃុំ គឺឃុំធិបតី ឃុំឆ្នាល់មាន់ ឃុំគាស់ក្រឡ ឃុំហប់ ដោយឡែកឃុំចំនួន២ផ្សេងទៀត ដូចជាឃុំព្រះផុស ឃុំដូនបា ដែលនៅទីខ្ពស់មិនអាចធ្វើការបូមទៅដល់ ។

នៅក្នុងឱកាសនោះឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង និង រដ្ឋបាលស្រុកគាស់ក្រឡ និង មន្ទីរពាក់ព័ន្ធ ក៏បានសម្រេចធ្វើការជីកស្រះដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ប្រជាពលរដ្ឋ ដើម្បីបូមទឹករក្សាទុកប្រើប្រាស់នារដូវប្រាំង ។ នៅថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលការដ្ឋានចិញ្ចឹមគោលក់សាច់ របស់កសិករដែលស្ថិតក្នុងឃុំបាយដាំរាំ ស្រុកបាណន់ ផងដែរ ៕