ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹងចំនួន៥០គ្រឿង ជូនដល់ក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការងារថែទាំបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ។
ពិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បីធ្វើឡើងនៅទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ការប្រគល់ម៉ូតូរ៉ឺម៉កកង់បីដឹកជញ្ជូនសំរាម សំណល់រឹងជូនក្រសួងបរិស្ថាននេះ គឺជាការរួមចំណែករបស់ក្រុមហ៊ុន ជីប ម៉ុង ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតប្រឹងប្រែងធ្វើឱ្យសោភ័ណភាពក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុនក្នុងស្រុកមួយដែលតែងតែគិតគូរ និងរួមចំណែកដល់វិស័យបរិស្ថានយ៉ាងច្រើន ដូចជាការវិនិយោគលើបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន ការប្រើប្រាស់បច្ចេកវិទ្យាដែលបំលែងកាលសំណល់ទៅជាថាមពលប្រើប្រាស់ឡើងវិញ ប្រព័ន្ធចម្រោះទឹកកខ្វក់ កម្មវិធីដាំដើមឈើ១០០០០ដើមជារៀងរាល់ឆ្នាំ រថយន្តសម្អាតផ្លូវចំនួន៤គ្រឿង ដែលកំពុងប្រតិបត្តិការទូទាំងប្រទេស ព្រមទាំងកម្មវិធីជាច្រើនទៀត៕