កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ១៣៩គ្រួសារ នៅស្រុកជើងព្រៃ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននាំអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋ ១៣៩គ្រួសារ ដែលកំពុងជួបការខ្វះខាតស្ថិតនៅភូមិស្ដើងជ័យ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្នុងឱកាសនោះរួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។

ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដល់បង ប្អូនប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះនូវបញ្ហាលំបាកផ្សេងៗ សូមប្រញាប់មកផ្ដល់ព័ត៌មានឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសគឺប្រធានភូមិ-មេឃុំ ដើម្បីឲ្យអាជ្ញាធរយើងបានរាយការណ៍ មកថ្នាក់ដឹកនាំខេត្ត ដើម្បីរកមធ្យោបាយធ្វើការដោះស្រាយឆ្លើយតប ទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើងបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋ មកទទួលសេវា នៅអង្គភាពច្រកចេញចូលតែមួយ ហៅថា រដ្ឋបាលឯកភាពរបស់ស្រុក ដែលក្នុងនោះ មានសេវារដ្ឋបាល និងសេវាសាធារណៈមួយចំនួនទៀត ចាំបម្រើទៅតាមសេចក្តីត្រូវការលើឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋ និងមានទីតាំងនៅក្បែរលំនៅដ្ឋានរបស់បងប្អូនផងដែរ៕