ថៃឡង់ដ៏នឹងជួយអភិវឌ្ឍន៍ឧស្សហកម្មហាឡាល់នៅកម្ពុជា


នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តម ដាម ប៊ុនថាំ អគ្គរាជទូត និងអនុប្រធានបេសកម្ម នៃស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសថៃឡង់ដ៏ចង់ពង្រីកឧស្សាហកម្មផលិតផលម្ហូបហាឡាល់ ចូលមកកាន់ទីផ្សារកម្ពុជា ដើម្បីបម្រើសហគមន៍មូស្លីមដែលមានចំនួនជាង ១០០ និងភ្ញៀវទេសចរដែលជាសាសនិកឥស្លាម។
ឯកឧត្តម អគ្គរាជទូត មានប្រសាសន៍ជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា ថៃឡង់ដ៏នឹងរៀបចំសិក្ខាសាលាខ្នាតតូចមួយនៅក្នុងខែមេសា ដើម្បីចែករំលែកបទពិសោធន៍ជូនប្រទេសកម្ពុជា លើការអភិវឌ្ឍផលិតផលហាឡាល់ និងជំរុញកិច្ចសហការរវាងពាណិជ្ជករនៃប្រទេសទាំងពីរ ហើយការងារនេះត្រូវការការគាំទ្រពីក្រសួងពាណិជ្ជកម្ម។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តម អគ្គរដ្ឋទូត ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់នៃផលិតផលហាឡាល់ សម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប ឯកឧត្តម អគ្គរាជទូត ថាក្រសួងពាណិជ្ជកម្មទើបបានបញ្ជប់សេចក្តីព្រាងអនុក្រឹត្យ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យផលិតផលឡាហាល់ ដើម្បីចងក្រងផែនទីបង្ហាញផ្លូវ រៀបចំស្លាកសញ្ញា និងវិញ្ញាបនប័ត្របញ្ជាក់ស្តង់ដាសម្រាប់ផលិតផលហាឡាល់ សំដៅផ្សព្វផ្សាយជូនពាណិជ្ជករ និងសាធារណៈជន ឲ្យបាននៅក្នុងត្រីមាសទី ១ នៃដើមឆ្នាំ ២០១៧នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ឯកឧត្តម អគ្គរាជទូត សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជួយបង្កើតនូវកម្មវិធីបណ្តុះបណ្តាលដល់មន្ត្រីរបស់កម្ពុជា តាមរយៈការចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សាផ្សេងៗ ដើម្បីស្វែងយល់ពីយន្តការនៃការអនុវត្តកិច្ចការឡាហាល់នៅក្នុងប្រទេសថៃ។