អភិបាលខេត្តរតនគិរី បានចាត់ទុកបងប្អូនស្ត្រីគ្រប់រូប មាន តួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និង សង្គមេជាតិហើយជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងគ្រួសារ


អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន បានចាត់ទុកបង
ប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុង
ក្រុមគ្រួសារនិងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារផងដែរ។ ការថ្លែងរបស់ឯកឧត្តមបែបនេះក្នុងឱកាសជួបសំណេះសំណាលបងប្អូននារីជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តជានារីប្រមាណជា៣០០នាក់ ដើមី្បអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ២០២០ ក្រោមប្រធានបទ(មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ) នាព្រឹកថ្ងៃទី ០១ ខែមីនា​ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត។​

ឯកឧត្តម ថង សាវុន បានធ្វើសំណូមដល់បងប្អូនស្ត្រីទាំង
អស់ ឲ្យខិតខំក្នុងការអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹក
នាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និង កាន់តែមានភាពផុលផុសជាងមុនដែលកត្តាទាំងនេះហើយ ធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាព នៅ កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ ។

ឯកឧត្តមអភិបាលខេត្តបានលើកពីប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន នឹងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាល
ភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ក្នុងនោះដែរឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជានាពេលបច្ចុប្បន្ននេះ បានកំពុងឆ្ពោះទៅមុខ លើកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងនៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរីគ្រប់ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ មានការរីកចម្រើនតាំង
ពីទីប្រជុំជន ទៅដល់ ជនបទ ទាំងផ្លូវ ទឹក ភ្លើង មណ្ឌលសុខ
ភាព សាលារៀន ។​ល។ ដែលសមិទ្ធិផលនេះស្តែងចេញមកពីកត្តាសន្តិភាព និង សន្តិសុខនៃព្រះរាជាណាចក្រកម្ពុជាយើង
ផងដែរ ។ ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរឹងមាំ បានធានាឲ្យកម្ពុជា បន្តសម្រេចបានលទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារសង្គម និងកែលំអរ ជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស។​

ក្នុងឱកាសនេះឯកឧត្តម ថង សាវុន និងលោកជំទាវបានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារី ក្នុងម្នាក់ៗ ទទួលបានក្រណាត់ហូល​,ផាមួងក្នុងម្នាក់១ក្បិន និងថវិកា១០០.០០០
រៀល(មួយរយពាន់រៀល) ផងដែរ ៕