សម្តេចតេជោ ហ៊ុន សែន៖ ជំងឺ Covid-19 មិនប្រកាច់ងាប់ភ្លាមទេ, ជនទុច្ចរិតគួរឈប់និយាយបង្អើល


(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ជំងឺ Covid-19 មិនបណ្តាលឲ្យអ្នកឈឺប្រកាច់ស្លាប់ដូចជំងឺខ្សល់គរទេ ចំណែកជនទុច្ចរិត គួរឈប់និយាយបង្អើលឲ្យប្រជាពលរដ្ឋភ័យទៀតទៅ។

សម្តេចតេជោ ហ៊ុន​​​ សែន បានមានប្រសាសន៍ថា «ខ្ញុំសុំអំពាវនាវដល់ជនទុច្ចរិតទាំងឡាយ តើអ្នកឯងបានអ្វីមកវិញ ក្រៅពីការបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងគ្រួសារអ្នកឯង»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ៕