ឯកឧត្តម វេង សាខុន ប្រាប់ប្រជាពលរដ្ឋ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ អំពីដំណើរការវិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ


(ត្បូងឃ្មុំ)៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ ស៊ីថា នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សាកម្រងវិជ្ជាតំបែរ និងសមិទ្ធផលនានា ក្នុងវត្តនទីសិលាវ័ន ហៅវត្តកំប្រើស នៅភូមិកំប្រើស ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន ក៏បានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ និងបច្ចប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ចជាតិ អន្តរជាតិ សង្គម នយោបាយ ក្នុងនិងក្រៅប្រទេស និងជាពិសេសសភាពការណ៍ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) ដែលពិភពលោក បាននិងកំពុងជួបប្រទះ។

ឯកឧត្តមថា ទោះជាយ៉ាងណា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី គិតគូដោះស្រាយរាល់បញ្ហាធំៗ របស់ប្រទេសប្រកបដោយឆន្ទៈ និងឧត្តមគតិដោយតម្កល់អធិបតេយ្យភាព និងបូរណៈភាពទឹក ដី និងប្រជាជនជាធំ ធ្វើយ៉ាងណាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឆ្លើយតបតាមសេចក្តីត្រូវការដ៏ចាំបាច់របស់ប្រជាជន និងប្រទេសជាតិ ដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ហេតុនេះ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តមប្រធានស្នើឲ្យសហការី អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿនការអភិវឌ្ឍន៍ លើគ្រប់វិស័យជាជំហានៗ សមស្របតាមស្ថានភាពជាក់ស្តែង របស់ប្រទេសជាតិយើង និងជាពិសេសត្រូវយកចិត្ត ទុកដាក់ថែរក្សាសុខភាព ដើម្បីការពារជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរ។

ភ្ជាប់ពិធីសម្ពោធឆ្លងសាលាពុទ្ធិកបឋមសិក្សា នាពេលនេះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណ ជាអនេកជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយ ចិត្ត និងបរិចាកថវិកា ផ្ទាល់កសាងសាលានេះ និងសមិទ្ធផលផ្សេងៗទៀត សរុបទឹកប្រាក់ជាង៧ម៉ឺនពាន់ដុល្លារ ដាក់សម្ភោធឲ្យប្រើប្រាស់បម្រើឲ្យវិស័យព្រះពុទ្ធសាសនាតរៀងទៅ និងសូមទទួលយកកុសលផលបុណ្យ តាមសទ្ធារៀងៗខ្លួន ដោយឡែកប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមម្នាក់ទទួលបានថវិកា២ម៉ឺនរៀលផងដែរ។

ឯកឧត្តមប្រធាន បានសំណូមពរឲ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍន៍ (អរគុណសន្តិភាព)។

បន្ទាប់ពីពិធីសម្ពោធ សាលាពុទ្ធិកបឋមសិក្សា កម្រងវិជ្ជាតំបែររួចមក ឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រមជាមួយសហការី បានអញ្ជើញបន្តដំណើរ មកប្រគល់ សម្ភារៈប្រើប្រាស់ក្នុងការិយាល័យ មានដូចជាកំព្យូទ័រចំនួន០៧គ្រឿង និងម៉ាស៊ីនថតចំលង និងបោះពុម្ពចំនួន៦គ្រឿង ជូនទៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិតំបែរ ដើម្បីលើកកម្ពល់ប្រសិទ្ធភាព ការងាររបស់មន្ត្រីពេទ្យ ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ ឲ្យកាន់តែល្អប្រសើរ និងទាន់ពេលវេលា។

ក្នុងខណៈនេះ ដោយពិនិត្យឃើញភាពចាំបាច់ជាក់ស្តែង ឯកឧត្តមប្រធានក្រុមការងារ បានជម្រាបជូនប្រធាន អនុប្រធាន បុគ្គលិកពេទ្យទាំងអស់ថា ដើម្បីពង្រីក ការផ្តល់សេវា សុខភាពជូនប្រជាពលរដ្ឋ ដែលចំនួនចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ លោក និងសហការី គ្រោងនឹងរៀបចំសាងសង់អគារថ្មី កម្ពស់០២ជាន់ បណ្តោយ ៣០ ម រួមជាមួយនឹងការបំពាក់ដោយគ្រឿងសម្ភារ បរិក្ខារសម្រាប់ពិនិត្យ វិនិច្ឆ័យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទូទាំងស្រុកតំបែរ ក្នុងពេលឆាប់ៗខាងមុខនេះ។

ប្រធានក្រុមការងារបន្ថែមថា ក្នុងគម្រោងក៏មានការផ្តល់ជូន នូវរថយន្តសង្រ្គោះបន្ទាប់ចំនួន ០១គ្រឿងផងដែរ។ លោកបានស្នើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ហើយត្រូវចាំថា សុខភាពរបស់ពួកគាត់គឺជាសុខភាពរបស់សង្គម សង្គមយើងពោរពេញទៅដោយពលរដ្ឋមានសុខភាពល្អ ទើបការអភិវឌ្ឍន៍សង្គមជាតិមានចីរភាព និងនិរន្តរភាព៕