ក្រសួងបរិស្ថានពង្រឹងការចិញ្ចឹមពូជជ្រូកឦសាន ដើម្បីពង្រឹងជីវភាពសហគមន៍នតំបន់ការពារធម្មជាតិ


ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ចុះពិនិត្យមើលការចិញ្ចឹមជ្រូកពូជឦសាន នៅស្ថានីយចិញ្ចឹមជ្រូកនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ នៅថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ​ ៨-៩​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១-០២​ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថា នៅថ្ងៃនេះ មន្រ្តីជំនាញបានរៀបចំបណ្តុះបណ្តាលឧទ្យានុរក្សដើម្បីពង្រឹងការចិញ្ចឹមជ្រូក ដូចជាវិធានការជិវសុវត្ថិភាព និងការបន្សុតពូជជ្រូកដើម្បីចែកជូននៅតាមសហគមន៍នៃតំបន់ការពារធម្មជាតិនៅកម្ពុជា។ ឯកឧត្តម បានបន្ថែមថា ពូជជ្រូកក្នុងស្រុក គឺជាពូជដែលមានសក្តានុពលធន់នឹងជំងឺ និងអាចស៊ីចំណីដែលផលិតនៅតាមមូលដ្ឋាន ហើយបំលែងទៅជាសាច់បានខ្ពស់ បើធៀបជាមួយពូជជ្រូកនាំចូល។ ប្រភេទពូជនេះអាចត្រូវបានគេចិញ្ចឹមតាមបែបធម្មជាតិ ជាពិសេសនៅភាគឦសាននៃប្រទេសកម្ពុជាដូចជាខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគីរី។ ពូជជ្រូកប្រភេទនេះ ជាទូទៅសហគមន៍ចិញ្ចឹមព្រលែងឱ្យដើររកស៊ីចំណីក្នុងព្រៃ ដោយគ្រាន់តែផ្តល់ចំណីបន្ថែមតិចតួច ដូចជាកាកសំណល់ផ្ទះបាយ និងប្រភេទរុក្ខជាតិដែលងាយដាំនៅជុំវិញផ្ទះ។ ដោយសារតែទំនើបកម្មនៃផលិតកម្មជ្រូក ដើម្បីបំពេញនូវតម្រូវការទីផ្សារ ការកែប្រែពូជដោយបង្កាត់ជាមួយពូជនាំចូលដើម្បីបង្កើនផលិតភាព បានធ្វើឱ្យពូជជ្រូកនេះ ថយចុះគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភេទពូជជ្រូកក្នុងស្រុកនេះ មិនបានប្រទះឃើញទៀតទេនៅតំបន់វាលទំនាប ប៉ុន្តែមានការចិញ្ចឹមខ្លះៗតាមបែបព្រលែងនៅតាមតំបន់ខ្ពង់រាប ភូមិភាគឦសាននៃប្រទេសកម្ពុជា។

ឯកឧត្តម សុខ គាង បានលេីកទឹកចិត្តដល់មន្រ្តីយកចិត្តទុកដាក់ពង្រឺងជីវភាព​ តាមរយៈការរៀបចំទីតាំងសម្រាប់ការចិញ្ចឹ​ និងបច្ចេកទេស​ចិញ្ចឹម​ឱ្យ​បានល្អ។ ​ម
ការបន្សុទ្ធពូជ និងអភិរក្សជ្រូកពូជក្នុងស្រុក ពិតជាមានសារៈសំខាន់ណាស់ ដោយសារពូជជ្រូកប្រភេទនេះធន់នឹងជំងឺ អាកាសធាតុក្នុងស្រុក និងមានលទ្ធភាពបំលែងចំណីមូលដ្ឋានដែលមានសារធាតុសរសៃខ្ពស់បានល្អជាសាច់ និងមានតម្រូវការនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ការអភិរក្ស និងបន្សុទ្ធពូជជ្រូកក្នុងស្រុក នឹងជំរុញសហគមន៍មូលដ្ឋានឱ្យចិញ្ចឹមពូជជ្រូកប្រភេទនេះ ដើម្បីធានាផ្គត់ផ្គង់ដល់ទីផ្សារដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់របស់គ្រួសារប្រជាសហគមន៍មូលដ្ឋាន។

រៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ស្ថានីយចិញ្ចឹមជ្រូកពូជឦសានតាមធម្មជាតិសាកល្បង បានបង្កើតឡើងនៅក្នុងដែនជម្រកសត្វព្រៃ«ភ្នំឱរ៉ាល់» ជាដំបូង នាថ្ងៃទី១៦ ខែមិថុនា ២០១៨ ដោយមានជ្រូកចំនួន៥៤ ក្បាល នៅក្នុងលើផ្ទៃដីចំនួន៣ហតនៃតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។

លោក ស៊ុន គឹមហ៊ាន ប្រធានស្នាក់ការបរិស្ថានយោក នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឱ្យដឹងថាបច្ចុប្បន្ននេះ ជ្រូកមានចំនួនកើនឡើងប្រមាណ១០០ក្បាល បន្ទាប់ពីមានការចូលរួមពីមានការថែទាំពីមន្រ្តីឧទ្យានុរក្ស ដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។ ស្ថានីយចិញ្ចឹមជ្រូកនៅតំបន់នេះ ដើរតួនាទីសំខាន់ ដែលអាចបម្រើឱ្យតម្រូវការពីភ្ញៀវទេសចរ មកកម្សាន្តធម្មជាតិព្រៃភ្នាំ ដូចជាតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ច្រកល្អៀង។

រមណីយដ្ឋាន បានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់ពាន់នាក់រៀងរាល់ឆ្នាំ។ ពូជជ្រូកឦសាន និងជួយឱ្យប្រជាសហគមន៍ទទួលចំណូលកាន់តែប្រសើរថែមទៀតពីការលក់ជ្រូក ជូនអ្នកទេសចរ កាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិ។

គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ដើម្បីពង្រឹងងជីវភាពសហគមន៍ ដោយយកចិត្តទុកដាក់ពង្រឹងលើការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ ក្នុងនោះមានការផ្តល់េពូជគោ មាន់ និងជ្រូកឦសាន និងការងារកសិកម្មប្រចាំគ្រួសារ បានល្អប្រសើរ។ គម្រោងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ចាប់ផ្តើមផ្តល់ជួយប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន២៥ សហគមន៍ ចាប់ឆ្នាំ២០១៧ រហូតដល់ឆ្នាំ ២០១៩។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថាន បានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួនជាង៦០កន្លែង លើផ្ទៃដីសរុបប្រមាណ ៧,២ លានហិកតា ក្នុងនោះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា។ ហើយសហគមន៍តំបន់ការពារធម្មជាតិ បានដើរតួជា ខ្សែក្រវ៉ាត់ការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមរយៈការប្រើប្រាស់ផលអនុផលព្រៃឈើ និងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាធ្វើកសិកម្ម ការដាំដំណាំ ការចិញ្ចឹមសត្វ និងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិជាដើម៕